បរទេស៖ លោក Jack Ambler ដែល​ជា​អ្នក​គាំទ្រ​របស់​ក្លិប Chelsea នឹងមាន​ការ​​ចង​ចាំ​ពី​​ការ​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League លើ​ក្រុម Manchester City ខ្លាំង​ជា​អ្នក​គាំទ្ររូ​ប​ណា​ទាំង​អស់ ខណៈ​ដែល​សំបុត្រ​ទស្ស​នា​ដែលមាន​តម្លៃ​៤៥០​ផោន (ស្មើ​នឹង​៦៣៨​ដុល្លារ​អាមេរិក) ប្រែជាគ្មាន​តម្លៃ​អ្វី​សោះ ហើយ​រូប​គេ​ត្រឹម​តែ​អាចទស្ស​នា​ការ​ប្រកួត​ជា​មួយនឹង​ប្តី-ប្រពន្ធ​ព័រ​ទុយ​ហ្គាល់​​មួយ​គូ​ទៅទិញ​។

បុរសវ័យ​២៧​ឆ្នាំរូបនេះ បាន​ធ្វើ​ទៅកាន់ទីក្រុង Porto ដើម្បី​ទស្សនា​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយនឹង​មិត្ត​ភក្តិ​៣នាក់ផ្សេង​ទៀត​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ស្រប​ពេល​ដែលមិត្ត​ភក្តិ​របស់​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន និងបាន​ឃើញ​ពី​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ Kai Havertz នៅ​តង់​ទី​១ ដើម្បី​ជួយ​ឲ្យ Chelsea ទទួល​ជ័យជម្នះ ១-០ Ambler ​មិន​បាន​ទៅ​ឡើយ​។ អ្នក​គាំទ្រ​រូបនោះ​បាន​ប្រាប់​ទូរ​ទស្សន៍ BBC Sport ថា៖ «ពិត​មែន​ហើយ ខ្ញុំ​មាន​សំបុត្រ​ដែលមាន​តម្លៃ​៤៥០​ផោន ហើយ​ខ្ញុំមិន​បាន​ទៅ​ទស្ស​នា​នៅ​កីឡដ្ឋាន​ឡើយ​»​។ ផ្ទុយ​ទៅ​វិញ រូប​គេ​បាន​ទស្ស​នា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​អនុ​ញ្ញាត​ឲ្យ​អ្នក​គាទ្រ​ត្រឹម​តែ​៦០០០នាក់​ប៉ុណ្ណោះ ទៅ​ទស្ស​នា​កី​ឡដ្ឋាន​ផ្ទាល់​នោះ ជាមួយ​នឹង​ប្តីប្រពន្ធ​នៅ​ផ្ទះ​របស់​ពួកគេ​ទៅ​វិញ​។ លោក Ambler បាន​និយាយ​ថា៖ «ហេតុនេះ ខ្ញុំ​បាន​ទស្ស​នា​​នៅ​ផ្ទះ​របស់​ប្តី​ប្រពន្ធ​ព័រ​ទុយ​ហ្គាល់​មួយ​គូ​។ ពួក​​គាត់​ពិត​ជា​រាក់​ទាក់​ណាស់​​។

ខ្ញុំ​ចាំ​ថា បានមើល​ជាមួយនឹង​ Paulo និង Nadina ហើយ​ពួក​គាត់​បាន​អញ្ជើញ​ឲ្យ​ខ្ញុំ​ចូល​ក្នុងផ្ទះ​របស់​ពួកគាត់ ហើយ​ខ្ញុំ​ក៏​បាន​ទស្ស​នា​ការ​ប្រកួត​នៅលើ​ Tablet តែម្តង​»​។ មិត្ត​ភក្តិ​ម្នាក់​របស់​គេ បាននិយាយ​ថា រូប​គេមិន​ដឹង​ថា Ambler មាន​បញ្ហា​អ្វី​ឡើយ​បាន​ជា​មិន​ទៅ​ទស្ស​នា​ការ​ប្រកួត​ដោយផ្ទាល់​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia