បរទេស៖ ខ្សែ​បម្រើ Kevin de Bruyne របស់​ក្លិប Manchester City បាន​រង​របួស​បាក់​ឆ្អឹង​ច្រមុះ និង​របួស​ភ្នែក ក្នុង​ពេលក្រុម​ខ្លួន​រង​បរាជ័យ​ក្នុង​​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃក្រុម Chelsea កាលពីថ្ងៃសៅរ៍​​។

កីឡាករ​វ័យ​២៩ឆ្នាំ​រូបនេះ ត្រូវ​បាន​ប្តូរ​ចេញ​នៅនាទី ទី​៦០ ដោយ​ជំនួស​ដោយ​កីឡាករ Gabriel Jesus ក្រោយពី​បាន​ប៉ះ​ទង្គិច​ជាមួយនឹង​ខ្សែ​​ការ​ពារ Antonio Rudiger​។ De Bruyne បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «ខ្ញុំ​មិន​អី​ទេ​​ពេលនេះ​។ តែ​នៅ​តែ​ខក​ចិត្ត​ដោយ​សារ​តែ​លទ្ធផល​កាលពីថ្ងៃ​ម្សិលមិញ ប៉ុន្តែ យើង​នឹង​ស្តារ​មុខ​មាត់​វិញ​»​។ De Bruyne ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក សម្រាប់​យុទ្ធនាការ Euro ឆ្នាំ​2020 ខណៈ​ដែលការ​ប្រកួត​​ទី​១​របស់ក្រុម​ជម្រើស​ជាតិ​ខ្លួន នឹង​​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១២​ ខែមិថុនា ដោយ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​។ មិន​មាន​សេចក្តី​ប្រកាស​ណា​មួយ​ដែល​បង្ហាញ​ថា តារាឆ្នើម​រូបនេះ នឹង​រឹង​មាំ​ទាន់​ពេល​សម្រាប់​ការ​ប្រកួតនៅ​ទីក្រុង St Petersburg ឬ​ក៏​ថា របួស​របស់​គេ កំពុង​តែ​​ក្លាយ​ជា​ឧបស័គ្គ​ចំពោះ​រូប​គេ​ក្នុង​យុទ្ធនាការ​នេះ​ឡើយ​។

Man City បាន​រង​បរា​ជ័យ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រក្នុង​ទីក្រុង Porto ក្រោម​ស្នា​ដៃក្រុម Chelsea ដោយ​សារ​តែ​គ្រាប់បាល់​ឈ្នះ​នៅ​នាទី ទី​៤២​របស់ Kai Havertz​។ ខ្សែ​ការ​ពារ Rudiger បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​រសៀល​ថ្ងៃ​អាទិត្យ​​ដើម្បី​បញ្ជាក់​ពីការ​ទាក់​ទង​របស់​​គេ​ទៅកាន់ De Bruyne ដើម្បី​ជូន​ពរ​ឲ្យ​រូប​គេ​ឆាប់​ជា​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia