បរទេស៖ លោក Carlo Ancelotti បានចូលរួមជាមួយនឹងក្លិប Real Madrid ជាថ្មី ក្នុងនាមជាគ្រូបង្វឹកសម្រាប់រយៈពេល៣រដូវកាលបន្ទាប់។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ កាលពីថ្ងៃអង្គារ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦១ឆ្នាំរូបនេះ ដែលនឹងចូលជំនួសកន្លែងរបស់លោក Zinedine Zidane បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា៖ «សួស្តីទីក្រុងម៉ាឌ្រីដ»។ លោក Ancelotti ដែលបានឈ្នះពានក្របខ័ណ្ឌ Champions League ជាមួយនឹងក្លិប Real Madrid អំឡុងពេលនៃការដឹកនាំជាលើកដំបូងរបស់ក្លិបក្នុងក្លិបនេះ នៅចន្លោះឆ្នាំ២០១៣ និង២០១៥នោះ នឹងចុះហត្ថលេខាលើកិច្ចសន្យារបស់លោក និងបង្ហាញមុខជាផ្លូវការចំពោះមុខសារព័ត៌មាន នៅថ្ងៃពុធនេះ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបក្នុងសេចក្តីថ្លែងការណ៍មួយ។ ក្លិប Real Madrid បានចំណាយពេលតិចជាង១សប្តាហ៍ប៉ុណ្ណោះក្នុងការរកអ្នកជំនួសកន្លែងរបស់លោក Zidaneដែលបានបញ្ចប់ពេលវេលាដឹកនាំជាលើកទី២របស់លោកក្នុងនាមជាគ្រូបង្វឹកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានរិះគន់លើការបាត់បង់ទំនុកចិត្តលើរូបលោក ពីសំណាក់ថ្នាក់ដឹកនាំ។
ផ្ទុយទៅវិញ លោក Ancelotti នឹងត្រូវវិលទៅធ្វើការជាមួយនឹងប្រធានក្លិបលោក Florentino Perez វិញ ក្រោយពីត្រូវបានបណ្តេញចេញពី Real កាលពីឆ្នាំ២០១៥ ពោលគឺ ត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ ក្រោយពីជួយឲ្យ Real ឈ្នះពាន Champions League ជាលើកទី១០៕
ប្រភពព័ត៌មាន៖ Channel News Asia