បរទេស៖ ក្លិប Tottenham បាន​ពិភាក្សា​ជា​មួយនឹង​អតីតគ្រូបង្វឹកក្លិប Inter លោក Antonio Conte ស្រប​ពេល​ដែល​ពួក​គេកំពុង​តែ​ស្វែង​រក​គ្រូបង្វឹក​មក​ជំនួស​កន្លែង​លោក Jose Mourinho​។

នេះ​បើយោង​ទៅ​តាម​ប្រភព​ព័ត៌​មាននានា កាលពីថ្ងៃពុធ​។ លោក Daniel Levy ប្រធានក្លិប Spurs កំពុង​តែ​ស្វែង​រក​គ្រូបង្វឹក​ថ្មីម្នាក់ បើគិត​ចាប់​តាំងពី​បាន​បណ្តាញ​លោក Mourinho កាលពី​ខែមេសា​។ លោក Ryan Mason បានកាន់​តំណែ​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន រហូត​ដល់​បញ្ចប់​រដូវកាល​ថ្មី​ៗនេះ ខណៈ​ដែល Tottenham បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧ លើ​តារាងក្រប​ខ័ណ្ឌ Premier League​។ Spurs បាន​ចាត់​ទុក​លោក Brendan Rodgers គ្រូបង្វឹក​របស់ Leicester ជា​គោល​ដៅ​​អាទិ​ភាព​របស់​ខ្លួន ក្រោយពី​លោក Julian Nagelsmann របស់​ក្លិប Leipzig បាន​យល់​ព្រម​ទៅ​ដឹកនាំក្លិប Bayern Munich​។

លោក Levy ក៏​បាន​ទាក់ទង​ទៅកាន់​លោក Mauricio Pochettino គ្រូបង្វឹក​របស់​ក្លិប Paris Saint-Germain ផង​ដែរ ដើម្បី​នាំ​យក​អតីត​គ្រូបង្វឹក​របស់ក្លិប Tottenham ទៅ​កាន់ក្លិប​របស់​ខ្លួន​វិញ​។ ប៉ុន្តែ បច្ចុប្បន្ន Tottenham ត្រូវ​បាន​គេ​ជឿថា បានប្តូរ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ទៅកាន់លោក Conte ដែល​បាន​ចាក​ចេញពីក្លិប Inter ក្រោយពី​ដឹកនាំ​ឲ្យពួកគេ​លើកពាន Serie A នៅ​រដូវកាលនេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia