ព្រឹត្តិការណ៍​ Euro ឆ្នាំ​២០២០ នឹង​ចាប់​ផ្តើម​បើក​ការ​ប្រកួត​របស់ខ្លួន​នៅ​រាត្រី​ថ្ងៃ​សុក្រ ទី​១១ ខែមិថុនា​នេះ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួតក្នុងនាម​ជាក្រុ​ម​ម្ចាស់ការ​ពារ​តំណែង​ជើង​​ឯង​​។ មុន​​នឹង​ការ​ប្រកួត​ឈាន​មក​ដល់ Cambosport នឹង​នាំ​យក​ប្រិយ​មិត្ត​អ្នក​អាន​ទាំង​អស់​ឲ្យ​ស្គាល់​កីឡាករ​ដែល​កំពុង​ស្ថិតក្នុង​ការ​ចាប់​អារម្មណ៍​សម្រាប់​ព្រឹត្តិការណ៍​ដ៏មាន​កិត្យា​នុ​ភាព​រយៈពេល​៤​ឆ្នាំម្តង​មួយនេះ​

១. Romelu Lukaku

បែលហ្ស៊ិក គឺ​ជាក្រុម​មាន​ចំណាត់ថ្នាក់​លេខ​១ក្នុងពិភពលោក និង​ជាបេក្ខ​ភាព​ឈាន​មុខ​គេ​ក្នុងការ​ឈ្នះ​ពាន​ធំ​ជាលើក​ទី​១​របស់​ពួក​គេ ពោលគឺ​រយៈពេល​៣​ឆ្នាំ បន្ទាប់​ពី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់លេខ​៣ក្នុង World Cup នៅ​រុស្ស៊ី​។ ក្តីសង្ឃឹម​របស់​ពួក​គេ​ អាស្រ័យ​ទៅលើ​ភាព​រឹង​មាំ និង​ទម្រង់លេងរបស់​តារាឆ្នើម Kevin De Bruyne និង Eden Hazard ប៉ុន្តែ ពួក​គេក៏​ត្រូវ​ការ​ឲ្យ Lukaku រក​គ្រាប់បាល់​បញ្ចូល​ទី​ផង​ដែរ​។ រូប​គេ​គឺ​ជា​អ្នក​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​របស់​បែលហ្ស៊ិក ក្រោយពី​រក​បាន​៦០​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៩៣លើក​ឲ្យ​ប្រទេស​របស់​គេ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​រក​បាន​៤គ្រាប់ក្នុង World Cup ឆ្នាំ​២០១៨ និង​៧គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​៥លើក ក្នុង​ជម្រុះ Euro ផង​ដែរ​។

២. Cristiano Ronaldo

Ronaldo មាន​វ័យ​៣៦​ឆ្នាំ​ទៅហើយ ហេតុនេះ យុទ្ធនាការ Euro 2020 អាច​ជា​ការ​បង្ហាញខ្លួន​ចុងក្រោយ​របស់​ពួក​គេ ក្នុងកម្រិត​អន្តរជាតិ​។ ប៉ុន្តែ រូប​គេ​នៅ​តែ​បង្ហាញពី​ទម្រង់លេង​ដ៏មុតស្រួចនៅ​រដូវកាល​នេះ ដោយ​រូប​គេ​រក​បាន​៣៦​គ្រាប់​ឲ្យ​ក្លិប Juventus ហើយប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់រូបនេះ នឹង​សម្លឹង​រក​ការ​បំ​បែក​កណត់ត្រា​គ្រាប់បាល់​អន្តរ​ជាតិ​ ដែលកំពុង​គ្រប់គ្រងដោយកីឡាករ Ali Daei របស់​អ៊ី​រ៉ង់ ក្រោយ​រូប​គេ​រក​បាន​១០៩​គ្រាប់ ខណៈ Ronaldo កំពុង​តែ​ដេញ​តាមពីក្រោយ​៦គ្រាប់​។

៣. Harry Kane

ការ​ត្រៀម​លក្ខខណៈ​របស់ Kane សម្រាប់ Euro ត្រូវ​បាន​រំខាន​ដោយ​សារ​តែ​ភាព​មិនច្បាស់​ជុំ​វិញ​អនា​គត​របស់​គេ នៅ​ក្លិប Spurs ក្រោយពី​រូប​គេ​បាន​បញ្ជាក់​ថា វា​គួរ​តែ​ដល់​ពេលហើយ​ដែលរូប​គេ​ត្រូវ​ចាកចេញពី​ក្លិបនេះ​។ ក្នុងនាម​ជា​អ្នក​រក​បានគ្រាប់បាល់ច្រើន​ជាង​គេក្នុង World Cup ឆ្នាំ​២០១៨ Kane បាន​បន្តស៊ុត​បាល់បញ្ចូល​ទី​១២​ក្នុងការ​ប្រកួត​ជម្រុះ Euro និង​ជា​អ្នក​រក​បាន​គ្រាប់បាល់ច្រើន​ជាង​គេ​ក្នុង Premier League នៅ​រដូវ​កាលនេះ ក្រោយពី​រក​បាន​២៣​គ្រាប់​។

៤. Robert Lewandowski

ស្ថិត​ក្នុង​វ័យ​៣២ឆ្នាំ Lewandowski កំពុង​តែ​ស្ថិតក្នុង​ទម្រង់​លេង​ដ៏មុតស្រួច​បំផុត​របស់​គេ ខណៈ​ដែល​រូប​គេ​ទើប​តែ​បាន​បំ​បែកកំណត់ត្រា​របស់ Ger Mueller ក្នុងនាម​ជា​អ្នក​រកបាន​គ្រាប់បាល់ច្រើន​ជាង​គេក្នុងក្រប​ខ័ណ្ឌ Bundesliga ក្រោយពី​រក​បាន​៤១​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​២៩​លើក​សម្រាប់ Bayern  Munich នៅ​រដូវ​កាល​នេះ​។ ក្រោយ​ពីបាន​ឈ្នះ​បាល់​មាស Ballon d’Or កាលពី​ឆ្នាំមុន ឱកាស​ឈ្នះ​ពាន​កិត្តិ​យស​នៅ​ឆ្នាំ​នេះ នឹង​ផ្អែក​ទៅ​លើ​ទម្រង់​លេង​របស់​គេ​ក្នុង Euro សម្រាប់ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​។

៥. Gerard Moreno

អេ​ស្ប៉ាញ មិនមាន​ក្រុម​ដែល​ប្រជុំ​ដោយ​តារាឆ្នើម​ៗ​ដូចឆ្នាំ​មុន​ៗឡើយ ប៉ុន្តែ ពួកគេនៅ​តែ​មាន​កីឡាករ​ពោរ​ពេញ​ដោយ​ទេពកោសល្យ ហើយ​កីឡាករ​ដែលមិន​អាចមើល​រំលង​បាន​គឺ Moreno ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូបនេះ ទើប​តែ​រក​បាន​គ្រាប់បាល់​សរុប​២៣គ្រាប់ក្នុង La Liga​។ រូប​គេ​ក៏​រក​បាន​៧​គ្រាប់​ផង​ដែរ ក្នុង​យុទ្ធនាការ Europa League នៅ​រដូវកាលនេះ​។

៦. Karim Benzema

ការ​វិល​ត្រឡប់​របស់ Benzema ទៅកាន់​ក្រុម​បារាំង​វិញ គឺ​ជា​ព័ត៌​មាន​ដ៏​រំភើប ខណៈ​ដែល​តារាឆ្នើម​របស់​ក្លិប Real Madrid រូបនេះ បាន​បញ្ចប់ការ​​អវត្តមានក្នុងក្រុម​ជម្រើស​ជាតិត្រឹម​រយៈពេល​៥ឆ្នាំ​កន្លះ​។ រូប​គេ​​មិនធ្លាប់​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​សោះ បើ​គិត​ចាប់​តាំងពី​ផ្ទុះ​រឿង​អាស្រូវ​ខ្សែ​អាត់​វីដេអូ​ស៊ិក ដែល​ពាក់ព័ន្ធ​កីឡាករ​ក្នុងក្រុម​ជម្រើស​ជាតិ​​គឺ Mathieu Valbuena កាលពីឆ្នាំ​២០១៥​។ លោក​គ្រូបង្វឹក Didier Deschamps ឈប់​ព្រងើយ​កន្តើយ​នឹង​ទម្រង់​លេង​របស់ Benzema ទៀង​ហើយ ក្រោយ​ពី​រូបគេ​រកបាន​៣០​គ្រាប់​ឲ្យ Real នៅ​រដូវកាល​នេះ​៕

ប្រភព​ព័ត៌​មាន៖ AFP