បរទេស៖ លោក​ Didier Deschamps គ្រូបង្វឹកនៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង រំពឹង​ទុក​​ថា ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល N’Golo Kante នឹង​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ងាយស្រួល​ក្នុង​ក្រុ​ម​ជម្រើស​ជាតិ ប៉ុន្តែ​​លោក​នឹងមិន​ដាក់​សម្ពាធ​លើ​រូប​គេ​ឡើយ នៅមុន​ពេល​​យុទ្ធនាការ Euro ខាង​មុខនេះ​។

Kante​ បានប​ញ្ចប់​រដូវ​កាល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​ផ្សេង​ទៀត​ជាមួយនឹងក្លិប Chelsea តាមរយៈ​ការ​ជួយ​ឲ្យ​ពួក​គេ​លើក​ពានក្រប​ខ័ណ្ឌ Champions League ជាលើក​ទី​២ ក្រោយពី​បានយកឈ្នះ​លើក្រុម​ Manchester City ក្នុងលទ្ធផល ១-០ កាលពី​ខែមុន​។ កីឡាករវ័យ​៣០​ឆ្នាំ​រូបនេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​ចូល​លេងក្នុង​ជម្រើសដំបូង​ក្នុងនាម​ជា​ខ្សែ​បម្រើ​ការ​ពារ សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង ប៉ុន្តែ លោក Deschamps បាន​និយាយ​ថា តួនាទីនោះ អាច​នឹង​ផ្លាស់ប្តូរ ប្រសិន​បើ​ពួក​គេ​ប្តូរ​រូបមន្ត​លេង អំឡុង​ពេលនៃ​យុទ្ធនាការ​នេះ​។

នៅមុន​ពេល​ការ​ប្រកួតកម្តៅ​សាច់​ដុំ​លើក​ចុងក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ប៊ុល​ហ្គា​រី នៅ​រាត្រី​ថ្ងៃពុធ លោក Deschamps បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មានកាលពីថ្ងៃ​ចន្ទ​ថា៖ «រូប​គេ​ជា​កីឡាករម្នាក់​ដែលមាន​សមត្ថភាព​លេង​គ្រប់កន្លែង​នៅ​តំបន់​បម្រើ​។ រូប​គេ​លេង​ក្នុង​តួនាទីផ្សេង​គ្នា​ជាច្រើន​ជាមួយនឹងក្លិប Chelsea ហេតុនេះ វា​គ្មាន​បញ្ហា​ឡើយ​​ជាមួយនឹង​យើង បើ​ទោះ​បីមានការផ្លាស់ប្តូរ​ទម្រង់លេង​មួយ​ចំនួន​ក៏ដោយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia