បរទេស៖ ភ្នាក់ងារអ៊ីតាលីឈ្មោះ Andrea D’Amico មានយោបល់ថា Cristiano Ronaldo ទំនងជានឹងចាកចេញពីក្លឹប Juventus ដើម្បីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United សារជាថ្មីក្នុងឱកាសដោះដូរកីឡាករនារដូវក្តៅនេះ។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតសម្រាប់ Juventus ក្នុងអំឡុងពេលយុទ្ធនាការ ២០២០-២១ នេះដោយរកគ្រាប់បាល់បាន ៣៦គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤លើក។ អនាគតរបស់កីឡាករអន្តរជាតិព័រទុយហ្កាល់នៅ Turin នៅតែបន្តត្រូវបានគេចោទសួរ ខណៈលោក D’Amico គិតថា Ronaldo អាចនឹងវិលត្រលប់ទៅចូលរួមជាមួយនឹង Manchester United វិញដោយផ្លាស់ប្តូរជាមួយនឹងកីឡាករ Paul Pogba។
លោក D’Amico បាននិយាយប្រាប់ Tuttosport ថា «វាពិបាកក្នុងការទស្សទាយណាស់នូវអ្វីដែលនឹងកើតឡើងនាពេលខាង យើងគួរតែស្ថិតនៅក្នុងគំនិតរបស់លោក Massimiliano Allegri។ យោបល់របស់ខ្ញុំគឺថា Ronaldo អាចនឹងបញ្ចប់អាជីពរបស់គាត់នៅកន្លែងផ្សេងទៀត។ កន្លែងណា? មិនមែននៅអេស្បាញ ឬអាឡឺម៉ង់ទេ។ Paris Saint-Germain ក៏ពិបាកផងដែរ។ ខ្ញុំអាចនិយាយបានថាក្លឹប Manchester United ប៉ុន្តែអាចជាការផ្លាស់ប្តូរជាមួយនឹងខ្សែបម្រើ Paul Pogba»៕
ប្រភពព័ត៍មាន៖ Sportsmole