បរទេស៖ ទីបំផុតព្រឹត្តិការណ៍ Euro 2020 នឹងចាប់ផ្តើមនៅរាត្រីនេះ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់របស់តារាឆ្នើម Cristiano Ronaldo ត្រៀមការពារពានរបស់ពួកគេ ហើយក្រុមម្ចាស់ជើងឯកពិភពលោកបារាំង នឹងសម្លឹងរកការឈ្នះពានជាលើកទី២ជាប់ៗគ្នា តាមរយៈការលើកពានក្នុងយុទ្ធនាការដែលត្រូវបានពន្យារពេលអស់រយៈពេល១ឆ្នាំ ដោយសារតែការឆ្លងរាតត្បាតរបស់វីរុសកូវីដ ១៩។
តំបន់ប្រយុទ្ធដ៏មុតស្រួចរបស់បារាំង ធ្វើឲ្យពួកគេក្លាយជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន Euro ជាលើកទិ៣របស់ពួកគេ ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបមួយនេះ ស្របពេលដែលក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក បែលហ្ស៊ិក និងក្រុមអង់គ្លេស ដែលប្រជុំដោយកីឡាករវ័យក្មេងឆ្នើមៗជាច្រើន នឹងក្លាយជាគូប្រកួតប្រជែងដ៏ខ្លាំងសម្រាប់ក្រុមមាន់គក។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងក្នុងទីក្រុងចំនួន១១ទូទាំងអឺរ៉ុបជាលើកដំបូង ដោយមិនរៀបចំឡើងលើប្រទេសមួយ ឬពីរឡើយ បើទោះបីភាពរំភើបនានា ត្រូវបានរំខានដោយសារតែវិបត្តិវីរុសកូវីដ ១៩ក៏ដោយ។ ក្រុមជើងខ្លាំងបារាំង មិនមានការប្រកួតរហូតដល់ថ្ងៃអង្គារ ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងទីក្រុង Munich នាការប្រកួតបើកឆាកក្នុងពូលមរណៈរបស់ពួកគេ។
កាសែត L’Equipe បានបង្ហាញចំណងជើងធំៗនៅទំព័រមុខ រួមជាមួយនឹងរូបភាពរបស់តារាឆ្នើម Kylian Mbappe, Karim Benzema និង Antoine Griezmann និងបានសរសេរថា៖ «ប្រទេសទាំងអស់ផ្សេងទៀត នឹងមានការច្រណែនយើង»។ ការចាប់អារម្មណ៍នានានឹងធ្លាក់ទៅលើខ្សែប្រយុទ្ធ Benzema វ័យ៣៣ឆ្នាំ ដែលត្រូវបានកោះហៅឲ្យចូលក្នុងក្រុមជម្រើសជាតិវិញ ក្រោយពីការអវត្តមានអស់រយៈពេល៥ឆ្នាំកន្លះ ក្រោយពីបានបង្ហាញពីកម្រិតលេងយ៉ាងល្អសម្រាប់ក្លិប Real Madrid៕
ប្រភពព័ត៌មាន៖ Channel News Asia