បរទេស៖ ខ្សែការពារ Jan Vertonghen និងខ្សែបម្រើប្រយុទ្ធ Dries Mertens ដែលសុទ្ធសឹងជាកីឡាករមានបទពិសោធច្រើនជាងគេបំផុតរបស់បែលហ្ស៊ិក បាននិយាយថា ក្រុមដែលមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោករបស់ពួកគេ មិនស្ថិតក្នុងចំណោមក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាន Euro 2020 ឡើយ។
Vertonghen ដែលបានបង្ហាញខ្លួនច្រើនជាងគេបំផុតសម្រាប់ក្រុមបែលហ្ស៊ិកជាមួយនឹងការបង្ហាញខ្លួនបាន១២៧លើក និង Mertens ដែលបានបង្ហាញខ្លួន៩៨លើកសម្រាប់ប្រទេសរបស់គេ សុទ្ធសឹងបានចាត់ទុកក្រុមជម្រើសជាតិបារាំង និងអង់គ្លេស ជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការលើកពាន Euro ដែលនឹងចាប់ផ្តើមប្រកួតនៅរាត្រីនេះ។ Vertonghen បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំគិតថា យើងមិនមែនជាក្រុមមានភាគរយខ្ពស់ឡើយ ប៉ុន្តែ ក៏មិនស្ថិតនៅឆ្ងាយដេរ។ ក្រុមកំពូលសម្រាប់ខ្ញុំគឺបារាំង និងអង់គ្លេស។ ប៉ុន្តែ ខ្ញុំដឹងថា យើងអាចផ្តួលក្រុមណាក៏បាន។ យើងបានផ្តួលអង់គ្លេស ២-៣លើករួចមកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងអាចធ្វើបានដូចគ្នាពេលប៉ះក្រុមបារាំង»។
ក្រុមជម្រើសជាតិបែលហ្ស៊ិក នឹងបើកការប្រកួតរបស់ខ្លួន នៅថ្ងៃសៅរ៍ ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិរុស្ស៊ី ក្នុងការប្រកួតពូល B របស់ពួកគេ ក្នុងទីក្រុង St Petersburg៕
ប្រភពព័ត៌មាន៖ Channel News Asia