បរទេស៖ ក្រុមថ្មីរបស់អេស្ប៉ាញ បានជួបបញ្ហាដដែលៗ កាលពីថ្ងៃចន្ទ ខណៈដែលការខ្ជះខ្ជាយឱកាសជាបន្តបន្ទាប់ បានអនុញ្ញាត្យក្រុមជម្រើសជាតិស៊ុយអែត ទទួលបានលទ្ធផលស្មើ ០-០ ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ របស់ពួកគេ ក្នុងទីក្រុង Seville។
ខ្សែប្រយុទ្ធ Alvaro Morata បានខ្ជះខ្ជាយឱកាសដ៏ល្អបំផុតក្នុងតង់ទី១ ខណៈដែលអេស្ប៉ាញ បានប៉ះបាល់ចុះឡើងដល់ទៅ៤១៩លើក ដែលជាចំនួនច្រើនជាងក្រុមណាៗទាំងអស់ក្នុងរយៈពេល៤៥នាទីដំបូងនៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុបមួយនេះ។ Morata បានរងនូវការស្រែកចំអកឲ្យពីអ្នកគាំទ្ររបស់ខ្លួនឯង នៅពេលដែលត្រូវបានប្តូរចេញ ខណៈដែលនៅសល់២៥នាទីចុងក្រោយ។
ហើយលោក Luis Enrique បច្ចុប្បន្នក៏ប្រឈមមុខនឹងសំណួរជាច្រើនផងដែរ ជុំវិញការសម្រេចចិត្តរបស់លោកក្នុងការមិនប្រើប្រាស់ Gerard Moreno ក្នុងជម្រើសដំបូង។ លោក Luis Enrique ដែលក៏បានសម្តែងការមិនពេញចិត្តអំពីទីលានប្រកួតនោះ បានឲ្យដឹងថា៖ «ពួកគេបានសម្រេចចិត្តការពារ ការពារ និងការពារ។ នេះគឺជាលទ្ធផលដែលគ្មានយុត្តិធម៌។
កីឡាករមិនអាចគ្រប់គ្រងបាល់ឲ្យបានល្អ»។ ស្របពេលជាមួយគ្នានេះ តារាឆ្នើមអន្តរជាតិប៉ូឡូញ Robert Lewandowski បាននិយាយថា ក្រុមរបស់គេ កំពុងតែប្រឈមមុខនឹងការងារដ៏លំបាកក្នុងការឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ក្រោយពីចាញ់ក្រុមជម្រើសជាតិស្លូវ៉ាគី ២-១។ ដោយឡែក ក្រុមស្កុតឡេន ក៏ជួបការខកចិត្តនៅថ្ងៃបើកឆាកផងដែរ ខណៈដែលពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិឆែក ក្នុងលទ្ធផល ២-០ លើទឹកដីខ្លួនឯង៕
ប្រភពព័ត៌មាន៖ Channel News Asia