បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់កាលពីថ្ងៃចន្ទថា រូបគេកំពុងតែសម្លឹងឆ្ពោះទៅកាន់ការចាប់ផ្តើមយុទ្ធនាការ Euro ឆ្នាំ២០២០ នៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករនាកីឡដ្ឋាន Puskas Arena នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិហុងគ្រី ខណៈដែលរូបគេត្រៀមដឹកនាំក្រុមម្ចាស់ការពារជើងឯកព័រទុយហ្គាល់ ក្នុងការស្វែងរកការឈ្នះពានម្តងទៀត។
ស្ថិតក្នុងវ័យ៣៦ឆ្នាំ Ronaldo នឹងត្រូវបង្ហាញខ្លួននៅលើទីលានប្រកួតពីមុខអ្នកគាំទ្រចំនួន៦៨០០០នាក់ ក្នុងរដ្ឋធានីរបស់ហុងគ្រី នៅរាត្រីនេះក្នុងការប្រកួតមួយដែលគួរតែជាការប្រកួតដ៏ងាយស្រួលជាងគេបំផុតរបស់ព័រទុយហ្គាល់ ក្នុងពូល F ដែលជាពូលមរណៈ ស្របពេលដែលអាល្លឺម៉ង់ និងក្រុមជើងឯកពិភពលោក បារាំង ក៏ស្ថិតក្នុងពូលនេះផងដែរ។ Ronaldo បានឲ្យដឹងថា៖ «នេះគឺជារឿងដ៏ល្អឥតខ្ចោះ។ ខ្ញុំចង់ឲ្យរាល់កីឡដ្ឋានទាំងអស់ អាចមានអ្នកគាំទ្រពេញទាំងអស់ ព្រោះវាជាងរឿងដ៏អស្ចារ្យសម្រាប់អ្នកទស្សនា និងកីឡាករ ប៉ុន្តែ គួរឲ្យស្តាយ មិនមែនយើងឡើយជាអ្នកសម្រេចចិត្ត។ យើងដឹងថា ការឆ្លងរាតត្បាតមានឥទ្ធិពលលើវត្តមានអ្នកគាំទ្រ។ ខ្ញុំចង់ឲ្យយើងអាចលេងពីមុខអ្នកគាំទ្រដ៏ច្រើនកុះករ»។
ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបាត់បង់ Joao Cancelo ពីក្រុមរបស់ខ្លួន ដោយសារតែកូវីដ ១៩ ក្រោយពីខ្សែការពារស្លាបស្តាំរបស់ក្លិប Manchester United រូបនេះ បានតេស្តឃើញជាវិជ្ជមានលើវីរុសកូរ៉ូណា កាលពីថ្ងៃអាទិត្យ ប៉ុន្តែ Ronaldo បាននិយាយថា ក្រុមរបស់គេ មិនបារម្ភពីការឆ្លងរាតត្បាតឡើយ។ តារាឆ្នើមរូបនេះបានបន្ថែមទៀតថា៖ «យើងមិននិយាយពីកូវីដ ឡើយ ពីព្រោះយើងពិតជាធុញទ្រាន់ណាស់។ វាជាស្ថានភាពដ៏គួរឲ្យសោកសៅ ប៉ុន្តែ យើងនៅតែផ្តោតអារម្មណ៍ ហើយគ្មានអ្វីនឹងធ្វើ្ឲ្យយើងបែកអារម្មណ៍ឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia