បរទេស៖ លោក Didier Deschamps បាន​បញ្ជាក់​កាលពីថ្ងៃ​ចន្ទ​ថា ក្រុម​ម្ចាស់​ជើង​​​ឯក​ពិភព​លោក​បារាំង មិន​អាច​​មើល​ស្រាល​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​ឡើយ ក្នុងការ​ប្រកួតមួយ​ក្នុង​ចំណោម​ជំនួប​​រវាង​ក្រុម​ខ្លាំង​ដូចគ្នា​នៅតំបន់​អឺ​រ៉ុប នាព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០។

ក្រុម​មាន់​គក បារាំង និង​ក្រុម​ឥន្ទ្រី​ស្លា​បដែក​អាល្លឺ​ម៉ង់ នឹង​ត្រូវ​បើក​យុទ្ធនាការ Euro របស់​ពួកគេ ក្នុង​ពូល F ក្នុង​ការ​ប្រកួត​ដ៏រំភើប​នា​កីឡដ្ឋាន Allianz Arena ក្នុង​ទីក្រុង​ Munich នៅ​រាត្រីនេះ​។ បារាំង ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ នៅលើ​តារាង​ចំណាត់​ថ្នាក់​របស់ FIFA ដោយ​នាំមុខ​១០​លេខ​លើ​ក្រុម​ជម្រើស​ជាតិអាល្លឺ​ម៉ង់ ហើយ​និង​​ត្រូវ​ប្រកួត​ក្នុងនាម​ជា​ក្រុមមានក្តីសង្ឃឹម​ខ្ពស់ក្នុងការ​ឈ្នះ ស្រប​ពេល​ដែលក្រុម​របស់​លោក Joachim Loew កំពុង​តែ​ស្ថិតក្រោម​សម្ពាធ​ក្នុង​ការ​​បញ្ចប់​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់ពួកគេ​​។ ការ​រង​បរា​ជ័យ​ក្នុងលទ្ធផល ៦-០ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ កាលពី​ខែ​វិច្ឆិកា ឆ្នាំមុន និង​ការ​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​​លើ​ទឹកដីខ្លួន​ឯង ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ម៉ា​សេដ្វានខាង​ជើង កាលពី​ដើម​ឆ្នាំ​នេះ បាន​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ជឿជាក់​របស់អាល្លឺ​ម៉ង់ ក្រោយ​ពី​ពួកគេ​បាន​ធ្លាក់ចេញ​ត្រឹម​វគ្គ​ចែកពូល ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០១៨​។

ប៉ុន្តែ កាលពីថ្ងៃ​ចន្ទ​លោក Deschamps បាន​និយាយ​ពី​ឱកាស​របស់​ក្រុម​អាល្លឺ​ម៉ង់ ដោយ​ព្រមាន​ថា ក្រុម​ឥន្ទី្រស្លាប​ដែក​មួយនេះ កំពុ​ងតែ​មាន​ប្រៀប​​ក្នុងការ​ប្រកួត ដោយ​មិន​ចាំ​បាច់​និយាយ​ពី​ការ​គាំទ្រ​របស់​ពួក​គេ​នៅ​កីឡដ្ឋាន​ឡើយ​។ លោក Deschamps បាន​និយាយ​ថា៖ «ពួក​គេ​អាច​ធ្វើ​រឿង​ដ៏អស្ចារ្យ​នៅកីឡដ្ឋាន​ទាំង​មូល មិន​ថា តំបន់​ប្រយុទ្ធ ឬ​តំបន់​ការ​ពារ​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia