គ្រូ​បង្វឹក​ប្រដាល់​គុនខ្មែរ​លោក សួន ប៊ុនសូត្រ​ បាន​ផ្ទុះ​កំហឹង​ទៅនឹង​សកម្ម​ភាព​ប្រកួត​របស់​កូន​ប្រុស​ខ្លួន គឺ​​អ្នក​លេង​ជង្គង់ សួន ចាន់នី ដោយ​លោក​បាន​ចាត់ទុក​របៀប​ប្រកួត​របស់ ចាន់នី ថាជា​ការ​ប្រកួតបែប​ល្ងង់ និង​ភ្លើ ដែល​មិន​ប្រើ​បញ្ញា និងបច្ចេក​ទេស ដើម្បី​យក​ឈ្នះ​លើ​គូ​ប្រកួត។

​លោក​ សួន ​ប៊ុន​សូត្រ ​បាន​និយាយ​ថា​៖​​ «​ការ​​ប្រកួត​ចាញ់​គេ​នេះ ​ក៏​ព្រោះតែ​​វា​មិន​ស្តាប់​ពី​ការ​ប្រើ​បច្ចេកទេស​ គឺ​វា​មិន​ស្តាប់​ខ្ញុំ​ប្រាប់​។​ និយាយ​ទៅ​វា​វ៉ៃ​ល្ងង់​ណាស់​ គឺ​មាន​ប្រៀប​លើ​ដៃ​គូ​ តាំង​ពី​ទឹក​ទី​១ ​ដោយ​ទាត់ ​បោះ​ជង្គង់​ និង​វាយ​ឆ្ងាយ​ ប៉ុន្តែ​វា​ភ្លើ​ពេក ​នៅ​ទឹក​ទី​៣ ​ទៅ​ប្តូរ​កណ្តាប់​ដៃ​ជា​មួយ​គេ»។

​គ្រូ​បង្វឹក​ក្លិប​បក្សី​ស្លាបដែកនៃ​សមាគមកីឡា​ក្រសួងមហាផ្ទៃ សួន ប៊ុនសូត្រ បាន​បន្ថែម​ថា៖​«វា​ចាញ់​គេ​នេះ ​សម​មុខ​វា​ហើយ​ ​ព្រោះវា​មិន​ប្រើ​បញ្ញា​ និង​បច្ចេកទេស​វ៉ៃ​ ក្នុង​ការ​ប្រកួត តែ​បែរ​ជា​​យក​កម្លាំង​ដៃ​ ទៅ​វ៉ៃ​ប្តូរ​ជា​មួយ​គេ ​ដែលជាអ្នក​មាន​​ជំនាញប្រើ​កណ្តាប់​​ដៃ​ស្រាប់»​​។​

ការ​លើក​ឡើង​របស់​លោក សួន ប៊ុនសូត្រ គឺ​សំដៅ​ទៅ​លើ​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ រវាង​ជើងខ្លាំង សួន ចាន់នី និង ឡុង បេនលឿន នៅ​លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃអាទិត្យ ដោយ​នៅ​ក្នុងការ​ប្រកួត​នោះ សួន ចាន់នី ត្រូវ​បាន​ចៅ​ក្រម​ដាក់​ពិន្ទុឱ្យ​ចាញ់​មិន​ឯច្ឆន្ទ ៤-១។

សួន ចាន់នី ធ្វើ​បាន​ល្អ នៅ​ទឹក​ទី​១ និងទឹក​ទី​២ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ទឹក​ទី​៣​ចុង​ក្រោយ សួន ចាន់នី ត្រូវ​បាន ឡុង បេនលឿន វាយសម្រុក​​យ៉ាង​ខ្លាំង ហើយការ​ម៉ាត់​ចូល​ពេញៗ​របស់ បេនលឿន ធ្វើ​ឱ្យ សួន ចាន់នី ស្ទើ​សន្លប់​ឈរ​ទៅ​ហើយ នៅ​មុនការ​ប្រកួត​បានបញ្ចប់។

លទ្ធផល​នេះ បាន​ធ្វើឱ្យ​ក្តីរំពឹង​នៃ​ការ​ឈ្នះ​​ប្រាក់​លាន ជា​លើក​ដំបូង ​របស់ សួន ចាន់នី ត្រូវ​បាន​រលួយ​បាត់ ដោយ​បានត្រឹម​ធ្លាក់​នៅ​ក្នុង​វគ្គ​ជម្រុះ​៣​ទឹក ទាំង​សោកស្តាយ ចំណែក ឡុង បេនលឿន បាន​បន្ត​ទៅ​ផ្តួល ថៃ រ៉េត ឱ្យ​សន្លប់ នៅ​ក្នុង​ទឹក​ទី​២ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក អមដោយ​ទឹក​ប្រាក់​ចំនួន​​៣,៤​លាន​រៀល។

ចំណែក​ សួន​ ចាន់​នី ​បាន​និយាយ​​ថា​៖ «​ខ្ញុំ​ចាញ់​ប្រៀប​តែ​ចុង​ទឹក​ទី​៣​ប៉ុណ្ណោះ​ ក្នុង​ការ​វាយ​ប្តូរ​កណ្តាប់​ដៃ​គ្នា​ ​ព្រោះ​កម្លាំង​ដៃ​វាយ​​ចេញ​​របស់គេ មាន​កម្លាំង​ធ្ងន់​ល្អ​​ជាង ​កម្លាំង​ដៃ​របស់​ខ្ញុំ​។ ​ម៉្យាង​​ទៀត ​ខ្ញុំ​មាន​បញ្ហា​ចុក​ឈឺ​ឆ្អឹង​ជំនីរ ​តាំង​ពី​ទឹក​ទី​២ ​ដែល​បាន​ដួល​ទៅ​លើ​ក្តារ​សង្វៀន​នៅ​ពី​ក្រោម​គាត់ ​ហេតុ​នេះ​ខ្ញុំ​គ្មាន​កម្លាំង​ សម្រុកឱ្យ​​ខ្លាំង​តាម​ចិត្ត​ ដែល​ចង់​ឈ្នះ​ បាន​នោះ​ឡើយ​»។​

ជាមួយ​គ្នា​នេះ ឡុង ​បេន​លឿន បាន​​និយាយ​ក្រោយ​ការ​ប្រ​កួត​ថា​៖ ​«ខ្ញុំ​សង្ឃឹម​តិច​មែន​ទែន នៅ​ពេល​ចាប់​ឆ្នោត​ប៉ះ​ ​សួន​ ចាន់​នី ​ដែល​ខ្ញុំ​ធ្លាប់​ចាញ់​គាត់​​៣​ដងមក​ហើយ ប៉ុន្តែ​ពេល​​ប្រកួត​ជាក់​ស្តែង ​ដែល​ខ្ញុំ​តាំង​ចិត្ត​មិន​ញញើត​នោះ ​នាំឱ្យ​​ខ្ញុំ​ប្រើ​កណ្តាប់​ដៃ​ នៅ​ចុង​ទឹក​ទី​៣ ​វ៉ៃ​ចូល​គោល​ដៅ​បាន​ល្អ ​ពិសេស​ខ្ញុំ​ទាត់ ​និង​វាយ​បក​ទៅ​វិញ ​បាន​ធ្វើ​ឱ្យ​​គាត់​ដួល​ជា​ច្រើន​លើក​ច្រើន​សារ​»។ ខ្ញុំ​មិន​គិត​ថា ​គាត់​ខ្សោយ​នោះ​ទេ​ ប៉ុន្តែ​​ការ​ទទួល​បាន​ជ័យ​ជម្នះ​នេះ​ ដោយ​សារខ្ញុំ​បានហ្វឹកហាត់ខ្លាំង ចំនួន២សប្តាហ៍​ពេញ​​ រួមទាំង​តាំង​ចិត្ត​​ប្រកួត ដោយ​ខ្ញុំ​សម្រេច​ចូល​វ៉ៃ​លុក​ចំគោល​ដៅ​ល្អ»​៕