ក្រុមបាល់​ទាត់​ជម្រើសជាតិ​កម្ពុជា ដែលទើប​បាន​បញ្ចប់​បេសសកម្ម​ នៅ​ក្នុងការ​ប្រកួត​​​ជម្រុះ​​ជុំ​ទី​២ ប្រចាំពូល​C នៃ​ពាន​រង្វាន់​ FIFA World Cup Qatar 2022 នៅ​លើទឹក​ដី​​ប្រទេស​បារ៉ែន នោះ មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​វិល​ទៅកាន់​ក្លិប ឬ​រំសាយ​ក្រុម​ភ្លាមៗ​នោះ​ទេ គឺ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃសិន។

យ៉ាង​ណា​ក៏​ដោយ ការ​ធ្វើ​ចត្តាឡីស័ក​នេះ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) ជា​អ្នក​រាប់​រង​ទៅ​លើ​ក្រុមជម្រើសជាតិ​របស់​ខ្លួន ផ្ទាល់​តែ​ម្តង ដោយ​មិន​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័ក ក្រោម​ការគ្រប់​គ្រង​របស់​ក្រុមការងារ​ក្រសួងសុខាភិបាល​នោះ​ទេ ពោល​គឺ​លោក សៅ សុខា បាន​សម្រេច​នាំ​យក​ក្រុម​ជម្រើសជាតិកម្ពុជា ទៅ​ដាក់នៅ​​មជ្ឈមណ្ឌលហ្វឹក​ហាត់​របស់​កង​រាជអាវុធហត្ថ ដែលជា​​ទី​ប្រសព្វ​រវាង​​ខេត្ត​កំពង់ស្ពឺ និងខេត្តកំពង់​ឆ្នាំង ព្រោះ​នៅ​ទី​នោះ មានតែ​ទី​ធ្លាធំ អាច​ធ្វើ​ការ​ហ្វឹក​ហាត់បាន និងមានការ​ផ្គត់​ផ្គង់​អាហារ និងការ​រស់​នៅ​បាន​ល្អ។

ជុំ​វិញ​នឹងការ​ងារ​នេះ លោក កែវ សារ៉េត អគ្គ​លេខាធិការ​សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា បានប្រាប់​​កាសែត​ក្នុងស្រុក​មួយ​ថា៖ ​«​ក្រុម​ជម្រើសជាតិ​របស់​យើង ត្រូវ​​ធ្វើ​ចត្តាឡីស័ក​​រយៈ​ពេល​១៤​ថ្ងៃ ទៅតាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ប៉ុន្តែ​យើង​មិន​ឱ្យ​ខាង​ក្រសួង យក​យើង​ទៅ​ធ្វើ​ទេ»។

លោក​បាន​បន្ថែម​ថា៖​«​ការ​​ធ្វើ​ចត្តាឡីស័ក ក្រោមការ​គ្រប់​គ្រង​របស់​ក្រសួង​សុខាភិ​បាល​នោះ ​យើងអាច​ចំណាយ​ច្រើន ជាពិសេស​យើងមិន​បាន​មើល​ថែ​ក្មេងៗ​​របស់​​យើង​ដោយ​ផ្ទាល់​ដៃ ហើយ​​ក្មេងៗ​របស់​យើង​ក៏ត្រូវការ​កន្លែង​ហ្វឹក​ហាត់ និងត្រូវ​ធ្វើអ្វីៗ​ផ្សេង​ទៀត​ផងដែរ ហេតុនេះ​ហើយទើប​ឯកឧត្តម​ប្រធាន​សហព័ន្ធ សៅ សុខា យក​ក្រុមជម្រើសជាតិ​របស់​យើង ទៅ​ដាក់​នៅ​ក្នុងមជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កងរាជអាវុធហត្ថភ្នំជុំរីក​រាយ ដែល​ទីតាំង​នេះ មួយ​ផ្នែក​ជា​ខេត្ត​កំពង់ស្ពឺ និងមួយ​ផ្នែក​ ជា​ខេត្តកំពង់​ឆ្នាំង»។

គួរ​បញ្ជាក់​ថា សម្រាប់ការ​បំពេញ​បេសកកម្ម នៅ​​លើ​ទឹក​ដីបារ៉ែន​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ដឹកនាំ​ផ្ទាល់​ដោយ​អ្នក​ចាត់ការទូទៅ​ លោក Keisuke Honda និង​គ្រូ​បង្គោល​ជនជាតិជប៉ុន​លោក Ryu Hirose ទទួល​លទ្ធផល​មិន​ល្អ​ទេ ​ដោយ​បាន​ចាញ់ទាំង​៣​ប្រកួត គឺ​ចាញ់​ក្រុម​បារ៉ែន ៨-០ ចាញ់​ក្រុមអ៊ីរាក់ ៤-១ និងចាញ់​ក្រុម​អ៊ីរ៉ង់ ១០-០។

លទ្ធផល​នេះ បាន​​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បញ្ចប់ការ​ប្រកួត​ទាំង​៨​លើក​របស់​ខ្លួន ​ប្រចាំពូល​Cនេះ ជាមួយការ​ចាញ់​៧ ស្មើ​១ និង​ឈរ​នៅ​លេខ​រៀង​ទី​៥​ក្រោយ​គេ។​យ៉ាង​ណា​ក៏ដោយ ​ទាំងសម្រាប់ការ​៣លើក​ចុង​ក្រោយ​នេះ ក្រុម​​កម្ពុជា បាន​បង្ហាញ​ការ​លេង​យ៉ាងស្វិតស្វាញ ហើយការ​ហ៊ាន​លេង និងលេង​ប្រាកដ​ដោយ​ភាព​ជឿ​ជាក់​នេះ ក៏​បាន​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​ក្រុមអ៊ីរ៉ាក់ និងអ៊ីរ៉ង់ មានការ​សរសើរ​ដល់​ទឹក​ចិត្ត​​ប្រកួត​ដ៏​មុះមុត​របស់​កីឡាករ​កម្ពុជា ផងដែរ ចំណែក​អ្នក​គាំទ្រ​ភាគច្រើន ក៏​ពេញចិត្ត សកម្ម​ភាព​ប្រកួត នៅ​លើទី​លាន​របស់​ក្រុម​កម្ពុជា ផងដែរ ព្រោះ​ពួក​គេ​ហ៊ាន​លេង និងលេងទៅតាម​ទម្រង់ និងរបៀប​របស់​ខ្លួន ដោយ​មិន​មានការ​ភ័យ​ខ្លាច៕