ក្រុមជម្រើសជាតិបាល់​ទាត់​កម្ពុជា ដែលទើបបានបញ្ចប់ការ​ប្រកួតវគ្គ​ជម្រុះជុំ​ចុង​ក្រោយ​​​នៃ​ពាន​រង្វាន់ AFC Asian Cup នៅប្រទេសឥណ្ឌានោះ បាន​វិល​មកដល់​មាតុប្រទេស​វិញនៅ​ថ្ងៃ​ពុធនេះ ប៉ុន្តែ​កីឡាករ និងមន្រ្តី​​ចំនួន​៥នាក់ នៅមិនទាន់​អាច វិល​​ត្រឡប់​មក​​វិញនោះ​ទេ ដោយសារ​ពួកគេ បាន​ឆ្លង​ជំងឺកូវីដ​១៩ នៅក្នុងកំឡុងការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់នេះ។

យ៉ាងណា​ក៏ដោយ សហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា មិន​បានទម្លាយ​ឈ្មោះ​មន្រ្តី​កីឡា​ទាំង​៤នាក់ ដែលបាន​ឆ្លងជំងឺកូវីដ១៩ នៅប្រទេស​ឥណ្ឌា នោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​១នាក់ ដែលបាន​ឆ្លងជំងឺ​នេះ គឺ​អ្នកចាំ​ទី ហ៊ុល គីមហុយ របស់​ក្លិប​បាល់​ទាត់​បឹងកេត។

ជុំវិញ​បញ្ហា​នេះ សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​បង្ហោះ​សារ នៅលើ​ផេច​ហ្វេសប៊ុក​របស់ខ្លួន នៅរសៀល​ថ្ងៃ​ពុធនេះ បន្ទាប់ពីក្រុម​ជម្រើសជាតិ បានមកដល់​កម្ពុជា វិញ​​ថា៖ «មន្រ្តីក្រុមជម្រើសជាតិកម្ពុជា ៤រូប រួម​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ១រូប ហ៊ុល គីមហុយ បានឆ្លងវីរុសកូវីដ ១៩ អំឡុង​ពេល​បំពេញ​ភារកិច្ច​ចូលរួម​ប្រកួត​ពានរង្វាន់វគ្គជម្រុះ AFC Asian Cup នៅប្រទេសឥណ្ឌា»។

ចំពោះ​អ្នក​ឆ្លងជំងឺកូវីដ​១៩ ទាំង​៥នាក់នោះ ត្រូវបាន​សហព័ន្ធកីឡាករ​បាល់​ទាត់​កម្ពុជា បញ្ជាក់ថា៖ «ពួកគេ នឹង​​បន្ត​​ស្នាក់​នៅ និងព្យាបាល នៅប្រទេសឥណ្ឌា រហូតជាសះស្បើយ។ ជូនពរ​ដល់​មន្ត្រី និង​កីឡាករ​ឆាប់ជាសះស្បើយ ហើយ​ត្រឡប់​មក​មាតុ​ភូមិ​កម្ពុជា​យើង​វិញ​ឆាប់ៗ»។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិ​កម្ពុជា​ បានបញ្ចប់ការ​ប្រកួតជម្រុះ​ប្រចាំពូល​D  នៃ​ពាន​រង្វាន់ AFC Asian Cup នេះ ដោយចាញ់​២ដង និងស្មើ១ ក្នុង​នោះ​កម្ពុជា បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌា ២-០ រួច​បន្តចាញ់ក្រុម​ហុងកុង ៣-០ និង​ស្នើក្រុម​អាហ្គានីស្ថាន ២-២ កាលពី​យប់ថ្ងៃ​អង្គារ។

ចំណែក​ក្រុម​ឥណ្ឌា បានលត់​ក្រុម​ហុងកុង ៤-០ ដើម្បី​ជាប់លេខ​១ ក្នុងពូល​នេះ និងបាន​បន្ត​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup 2023 ជាបន្ត​ទៀត ចំណែក​ក្រុម​ហុងកុង ក៏បាន​ឡើង​ផងដែរ ព្រោះបានជាប់ជា​ក្រុមលេខ​២ល្អ ដោយស្ថិត​នៅលេខ​៥ ចុង​ក្រោយ ប៉ុន្តែ​កម្ពុជា និងអាហ្គានីស្ថាន បានធ្លាក់ ជាមួយការ​រកបានត្រឹម១ពិន្ទុ ត្រឡប់​មក​ផ្ទះ​វិញ​ដូចគ្នា៕