ក្រុមជម្រើសជាតិកម្ពុជាអាយុ​ក្រោម​២៣​ឆ្នាំ នឹ​ងត្រូវ​ប្រកួត​បើក​ឆាក​របស់ខ្លួន ក្នុងពូល​B ជាមួយ​ក្រុម​ជម្រើសជាតិឡាវ ក្នុង​​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២១ នៅទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម នា​រសៀល​ម៉ោង​៤ ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​ក្រុម​ថៃ បានជួបការ​បរាជ័យ​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត។

នៅមុនការប្រកួតបើក​ឆាក​នេះ ក្រុមជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួច​រាល់​អស់​ហើយ ហើយ​អ្នក​ចាត់ការ​ទូទៅ លោក Keisuke Honda បានអះអាង​ថា កូន​ក្រុម​របស់​លោក បានទម្លាក់​ចោល​សម្ពាធ​គ្រប់យ៉ាងអស់ទៅហើយ ហេតុ​នេះ ក្រុមគោព្រៃជំទង់​កម្ពុជា នឹង​គ្មានសម្ពាធអ្វីទាំង​អស់ សម្រាប់ការ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​U23ឡាវ នៅ​ថ្ងៃចន្ទ​​នេះ។

តាម​រយៈសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក Keisuke Honda បាន​និយាយ​នៅក្នុង​ការ​ហ្វឹកហាត់ចុងក្រោយ កាលពី​ថ្ងៃអាទិត្យ​ថា៖​ «ថ្ងៃនេះ គឺជាការ​ហ្វឹកហាត់​ចុងក្រោយ សម្រាប់ការ​​ប្រកួតទី​១។ យើង​ត្រូវ​យកសម្ពាធ​ទាំង​អស់ ដាក់​ការ​ហ្វឹកហាត់ នៅថ្ងៃ​នេះ​បើមិនដូច្នេះ​ទេ យើងនឹងមានអារម្មណ​តានតឹង ឬពិបាក​ក្នុង​ខ្លួន»។

«យើងត្រូវ​រៀបចំខ្លួនឱ្យ​ហើយ សម្រាប់​ថ្ងៃស្អែក ដូច្នេះសម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក (ថ្ងៃ​ចន្ទនេះ) យើង​នឹង​មិនមានសម្ពាធ​អ្វី​ទាំង​​អស់»។ នេះជា​ការ​បញ្ជាក់បន្ថែម​របស់វីវបុរស​បាល់​ទាត់​របស់ជប៉ុន លោក Keisuke Honda សម្រាប់ការ​ចុះ​មកដឹក​នាំ​​ក្រុមជម្រើសជាតិកម្ពុជា ផ្ទាល់ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅប្រទេស​វៀតណាម លើកនេះ។

យ៉ាងណា​ក៏​ដោយ សម្រាប់ការ​បង្ហាញវត្តមាន សម្រាប់ការ​ប្រកួតស៊ីហ្គេម លើកនេះ ក្រុម​U23ឡាវ បាន​បង្ហាញ​ទម្រង់លេង​ល្អ សម្រាប់ការ​ប្រកួត​បើក​ឆាក​​ប្រចាំពូល​B កាលពី​ថ្ងៃសៅរ៍ ដោយ​ពួកគេ ​​បាន​ស្មើ ២-២ ជាមួយក្រុម​សិង្ហបុរី  ប៉ុន្តែ​​ក្រុម​ថៃ បាន​ចាញ់ក្រុម​ម៉ាឡេស៊ី ២-១ បន្ទាប់ពី​កីឡាករ Anusak Jaiphet បាន​ភ្លាត់​ធ្វើ​ឱ្យបាន​ចូល​ទីខ្លួន​ឯង នៅនាទីទី​ ៩០+៤ នោះ។

ជាមួយគ្នា​នេះ ក្រុមជម្រើសជាតិកម្ពុជា ក៏បាន​ដក​ខ្សែ​ប្រយុទ្ធ អ៊ាន ពិសី ចេញពី​​បញ្ជី​រាយនាម​កីឡាករ​ជម្រើសជាតិ ទាំង​២០នាក់​ផងដែរ ដោយ​សារ​តែ​កីឡាករ​រូបនេះ មាន​បញ្ហារបួសចាស់ នៅកជើង ក្នុងកំឡុងពេល​ហ្វឹក​ហាត់ នៅ​វៀតណាម មិន​អាច​ចូល​រួម​ប្រកួតស៊ីហ្គេម​នេះបាន ហើយជាមួយគ្នា​នេះ ក្រុមគ្រូ​បង្វឹក​ជម្រើសជាតិ បាន​សម្រេច​យក​ខ្សែ​​ប្រយុទ្ធ ណារ៉ុង កក្កដា មក​ជំនួស​ទីតាំង​របស់ ពិសី ​ហើយ​កីឡាករ​របស់ក្លិប​កង​យោពល​ខេមរភូមិន្ទ រូបនេះ បាន​ធ្វើ​ដំណើរ​ទៅ​ដលើ​ទីក្រុងហាណូយ កាល​ពី​ម្សិលមិញ​ ដើម្បី​ចូល​រួមជាមួយក្រុមជម្រើសជាតិ។

តែ​បទោះបីជា​យ៉ាងណា គ្រូ​បង្គោលក្រុមជម្រើសជាតិកម្ពុជា ​លោក Ryu Hirose នៅតែ​ជឿជាក់​​ថា កីឡាករ​វ័យក្មេង​ដ៏​មាន​​សក្តានុពល​របស់ខ្លួន ​​នឹង​បង្ហាញ​​ទម្រង់​លេង​បាន​​ល្អ ដើម្បី​ប្រជែង​រក​ឱកាស​ឡើង​ទៅ​ប្រកួត​នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។

គ្រូ​បង្វឹក​ជនជាតិជប៉ុន លោក Ryu Hirose បាន​ថ្លែង នៅ​ក្នុងសន្និសីទកាសែត នៅប្រទេស​វៀតណាម​​ថា៖ «យើងដឹង​ហើយថា​ គ្រប់គ្នា​មក​ទីនេះ គឺ​ដើម្បី​ឈ្នះ ហើយ​ជាមួយ​គ្នា​ ក្រុម​ជា​ច្រើន​នៅ​ពូល​ផ្សេងៗ​ សុទ្ធតែ​បាន​ប្រើ​ប្រាស់​កីឡាករ​លើស​អាយុ ប៉ុន្តែ​យើង​មិន​ប្រើ​ប្រាស់​កីឡាករ​លើស​អាយុ​ឡើយ ព្រោះ​យើង​ត្រៀម​សម្រាប់​ស៊ីហ្គេម​ ឆ្នាំ​២០២៣ នៅកម្ពុជា ផងដែរ ហើយ​អ្នក​នឹង​អាច​ឃើញ​ទម្រង់​លេង​របស់​យុវជ​ន ​ដ៏​មាន​សក្ដានុពល​ជា​ច្រើន​របស់​យើង»។

«យើង​ចង់​ទៅ​វគ្គ​​​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ព្រោះ​នេះ​​ជា​លើក​ដំបូង ដែល​ខ្ញុំ​​ និង​លោក Honda បាន​មក​ទី​នេះ និង​​ចូល​រួម​​ស៊ីហ្គេម ហើយ​កម្ម​វិធី​ប្រកួត គឺ​ពិត​ជា​មមា​ញឹក​​ណាស់ ដូច្នេះ យើង​​នឹង​​ខំប្រឹង​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត»។ នេះជា​ការ​បញ្ជាក់បន្ថែម​របស់លោក Ryu Hirose៕