គិតមក​ដល់ពេលនេះ​ អ្នកស្នេហា​វិស័យកីឡា​បាល់​ទាត់ នៅ​កម្ពុជា ភាគ​ច្រើន នៅតែ​មិន​អស់​​​ចិត្ត និងបាន​ជែងសួរ​គ្នា ថា​តើ​ហេតុអ្វី សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និងក្រុមគ្រូ​បង្វឹក​ជម្រើស​​ជាតិ មិន​ដាក់​កីឡាករ​លើស​អាយុ​២៣​ឆ្នាំ ទៅ​ចូល​រួមការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​​វៀតណាម នា​ខែឧសភា​នេះ ខណៈលក្ខខណ្ឌ​នៃ​ការ​ប្រកួត​នេះ បាន​អនុញ្ញាត​ដាក់​កីឡាករ​​លើសអាយុ​ដល់​ទៅ​៣នាក់​នោះ។

បញ្ហា​នេះ វា​នៅតែ​ក្លាយជា​ប្រធាន​បទ​ដ៏ក្តៅគគុក ដោយ​អ្នក​ខ្លះគិត​ថា ជា​រឿងមិនត្រឹម​ត្រូវ ដែល​កម្ពុជា​យើង បានដាក់តែ​កីឡាករ​អាយុក្រោម​២៣​ឆ្នាំ​ទៅប្រកួត​បែបនេះ ហើយ​អ្នកខ្លះ​ទៀត បាន​ពោលពាក្យ​បែប​អាណិត​អាសូរ​ថា «គេ​លែង​ឱ្យ​តម្លៃ និងមើល​ឃើញ​កីឡាករ​លើស​អាយុ​ទៀត​​ហើយ» ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​ទៀត យល់​ថា មក​ពីការ​ដាក់កីឡាករលើស​អាយុ ចូល​ទៅលេង​ជាមួយក្រុម​U23 គឺ​ការ​លេងមិនសូវ​ស៊ីចង្វាក់គ្នា ដូច​ការ​​ប្រើ​កីឡាករU23សុទ្ធ​នោះទេ។

យ៉ាងណា​ក៏​ដោយ ជុំវិញបញ្ហា​នេះ  គ្រូជំនួយ​ក្រុមជម្រើសជាតិកម្ពុជា លោក ភា សុភ័ក្រ្តា  បាន​បក​ស្រាយ​ថា​ថា៖​ «យើង​អត់បាន​ចុះ​បញ្ជីកីឡាករ​លើស​អាយុ​នោះ​ទេ ដោយ​យើង​ផ្តោត​ទៅ​លើ​កីឡាករ​មានសក្តានុពល ព្រោះការ​​ប្រមូល​ផ្តុំនេះ យើងត្រៀមទាំង​ការ​ប្រកួត​ស៊ីហ្គេម លើក​នេះ និង​​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា»។

តាម​បញ្ជី​រាយនាម​កីឡាករ​ជម្រើសជាតិកម្ពុជា ដែល​សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា បាន​បញ្ចេញ កាល​ពី​ព្រឹក​​ថ្ងៃចន្ទ គឺ​មាន​​កីឡាករ​២៦នាក់  ដែលអ្នកទាំង​នេះ ត្រូវ​បាន​​ជ្រើសរើស​ចេញ​ពី​បញ្ជីឈ្មោះ​បឋមចំនួន​៥០នាក់​។ យ៉ាងណា​ក៏ដោយ អ្នកទាំង​៦នេះ នឹងត្រូវ​ធ្វើការ​ជម្រុះ​ចេញ​៦នាក់ទៀត ដោយ​​ទុក​ត្រឹម​២០នាក់ប៉ុណ្ណោះ ហើយ​បញ្ជីឈ្មោះ​ចុង​ក្រោយ អាច​នឹង​ត្រូវ​ប្រកាស នៅ​ថ្ងៃទី​២ ខែឧសភា នៅមុនពេល​ក្រុមកម្ពុជា ​ចេញ​​ដំណើរ​ទៅ​ប្រទេស​វៀតណាម។

លោក ភា សុភ័ក្រ្តា បាន​បន្ថែម​ថា៖​ «ការ​ចុះ​ឈ្មោះ​បញ្ជី​​បឋម មានចំនួន​៥០​នាក់ ហើយយើង​កោះ​ហៅយក​២៦នាក់នេះ ដើម្បី​ធ្វើការ​ហ្វឹកហាត់ រួច​ចុង​ក្រោយជម្រុះ​ចេញ​​៦នាក់ ដោយ​យើង​ទុក​២០នាក់ យក​ទៅ​ចូល​រួម ជា​​ផ្លូវការ​តែម្តង ហើយ​នៅ​ក្នុងចំណោមអ្នកទាំង​២០នេះ គឺ​ក្នុងករណី ដែលកីឡាករ​មានកូវីដ​ទេ ទើប​​យើងអាច​ដូរ​កីឡាករ នៅ​ក្នុងបញ្ជីបឋម​ទាំង​​៥០​នាក់ដំបូង​បាន ប៉ុន្តែ​បើ​ក្នុងករណី​កីឡាករ​មានរបួស យើងមិនអាច​ផ្លាស់ប្តូរ បាន​នោះទេ»។

គួរបញ្ជាក់ថា សម្រាប់ការ​ប្រកួតស៊ីហ្គេម លើកទី​៣១ នៅប្រទេស​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២​នេះ ក្រុម​កម្ពុជា បាន​ឈរ​នៅ​ពូល​B ដោយ​ក្នុង​នោះ កម្ពុជា ត្រូវ​ប្រកួតបើក​ឆាក​ ជាមួយ​ឡាវ នៅ​ថ្ងៃទី៩ រួច​បន្ត​ទៅជួប​ក្រុម​សិង្ហបុរី នៅ​ថ្ងៃទី​១១ និង​ប៉ះ​​ក្រុមថៃ នៅ​ថ្ងៃទី​១៤ ហើយ​​ចុងក្រោយ​ជួប​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៦ ខែឧសភា ខណៈ​ពូលA មានក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និង​ក្រុម​ទីម័រខាង​កើត៕