ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ​បានឈាន​ដល់ការ​រៀបចំ​ការ​ជួបជុំ​មួយ ​ជាមួយគ្រូបង្វឹកបាល់ទាត់ជប៉ុន រួមមានលោក Keisuke Honda អ្នក​គ្រប់គ្រង​ទូទៅ​​នៃ​ក្រុមជម្រើសជាតិកម្ពុជា រួមទាំង​មន្រ្តី​កីឡាជប៉ុន គ្រូ​បង្វឹកជប៉ុន ​កីឡាករ​បាល់​ទាត់​ជប៉ុន ដែល​កំពុង​​លេង នៅ​​លីគ​កម្ពុជា និង​​តំណាងមកពីក្រុមហ៊ុនជប៉ុន ជាច្រើនទៀត ដើម្បី​ធ្វើ​ការ​​ផ្លាស់ប្តូរយោបល រិះរក​វិធីសាស្រ្ត ជួយ​អភិវឌ្ឍ​ដល់​វ័យបាល់​ទាត់នៅកម្ពុជា ធ្វើយ៉ាងណា ឱ្យ​មាន​ការ​រីកចម្រើន ហើយអាចឈានទៅទទួលបានជោគ​ជ័យ ពេលកម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ​២០២៣។

សម្រាប់ការ​ជួបជុំ​ដ៏កម្រ​មួយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមកនេះ ឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា លោក​ មិកាមិ (MIKAMI) បាន​​ចាត់ទុក​ជំនួបនោះ​ថា វា​ជា​ឱកាស​ដ៏ល្អ​ សម្រាប់​ពួកគេ (ជនជាតិជប៉ុន) ​បាន​​ស្គាល់​គ្នា និង​រួម​តែ​មួយ ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​របស់​ពួកគេ​​ក្នុង​​ការ​គាំទ្រ ​កីឡាបាល់ទាត់កម្ពុជា ឆ្ពោះទៅ​កាន់​ស៊ីហ្គេម ឆ្នាំ២០២៣ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឯកអគ្គរាជទូត​​លោក MIKAMI បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា​ ភាគី​ពាក់​ព័ន្ធ​ទាំងអស់​របស់​​ប្រទេស​ជប៉ុន​ នឹង​ខិតខំ​ឱ្យ​អស់​ពី​សមត្ថភាព ​ក្នុង​វិស័យ​រៀងៗ​ខ្លួន ដើម្បី​រួម​ចំណែក​ក្នុង​ការ​​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត រួម​ទាំង​វិស័យ​បាល់​ទាត់​ផងដែរ។

ដោយឡែក កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ កន្លងមកនេះ អ្នកចាត់ការ​ក្រុមជម្រើស​ជាតិ​កម្ពុជា លោក Keisuke Honda ក៏បានជួបពិភាក្សាជាមួយ​ថ្នាក់ដឹកនាំក្រុមហ៊ុន​លីគបាល់ទាត់កម្ពុជា ព្រមទាំង​គ្រូ​បង្វឹក តំណាងឱ្យក្លិបទាំង​៨ រួមមាន ភ្នំពេញ​ក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត អង្គរថាយហ្គឺរ កងយោធពខេមរភូមិន្ទ និង​​​ក្រុមគិរីវង់សុខសែនជ័យ ដែល​​ត្រូវប្រកួត​ប្រជែង នៅលីគកំពូលកម្ពុជា ឆ្នាំ​នេះ​ផងដែរ។

នៅក្រោយការ​ជួប​ជុំពិភាក្សានោះ វីរបុរសបាល់​ទាត់​ជប៉ុន​លោក Keisuke Honda បានសរសេរ​បង្ហោះ នៅលើផេចហ្វេសប៊ុករបស់ខ្លួនថា៖​ «ខ្ញុំ​បាននិយាយ​គ្នា​ជាមួយ​អ្នកចាត់​ការ​ទូទៅ និងគ្រូ​បង្វឹកទាំងអស់ តំណាង​ឱ្យក្លិប ត្រូវលេងនៅលីគកំពូលកម្ពុជា ឆ្នាំ​២០២២នេះ កាលពី​ព្រឹកមិញ ដោយ​យើងបានពិភាក្សាជា​ច្រើន ពីប្រធានបទ ទាក់ទងទៅនឹងអនាគតនៃ​លីគកំពូលកម្ពុជា»៕