អ្នកចាត់​ការ​ទូទៅក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន លោក កែវ សុខង៉ន បាន​ចេញមុខ​រិះគន់​ទៅ​កាន់​​វីរបុរស​បាល់​ទាត់​ជប៉ុន លោក Keisuke Honda ថា គ្រាន់តែ​ជាគ្រូអនឡាញ គ្មាន​គុណ​ភាព អាចដឹកនាំក្រុម​ជម្រើសជាតិកម្ពុជា ឱ្យ​ទទួល​បានជោគជ័យនោះ​ទេ ហើយលោក​ Honda ក៏​មិន​ប្រើ​បេះដូង ​មក​ស្រឡាញ់​បាល់ទាត់​កម្ពុជា ​ពិត​ប្រាកដ​​នោះ​ដែរ។

«​ខ្ញុំ​រិះគន់ ​ដើម្បី​ស្ថាបនា​! គឺ​លោក Honda ជាគ្រូអនឡាញ គ្មាន​គុណ​ភាព​អាច​ដឹកនាំ​ក្រុម​ជម្រើសជាតិ បានជោគជ័យទេ ព្រោះគាត់គ្មានវេលាគ្រប់គ្រាន់ មកដឹកនាំផ្ទាល់។ គាត់​ជា​កីឡាករ​អាជីពដែរ ដូចនេះ គ្មានពេលគិតគូរក្រុមជម្រើសជាតិទេ ហើយ​ការ​មក​ដឹកនាំ​ពេល​ប្រកួត​រយៈ​ពេលខ្លី គឺមិនអាចទៅរួចនោះទេ គឺគ្មានគុណភាព»។

នេះជាអ្វី ដែលលោក កែវ សុខង៉ន បាននិយាយ ក្នុងការ Live កាល​ពី​យប់មិញ ដើម្បី​រិះគន់​ពីការ​ដឹកនាំ​ក្រោម​ជម្រើសជាតិកម្ពុជា ពីសំណាក់លោក Keisuke Honda ហើយ​ការ​​រិះ​​នេះ គឺ​ស្របពេលដែល​ក្រុម​U23ជម្រើសជាតិកម្ពុជា ក្រោមការ​ដឹកនាំ​ផ្ទាល់​របស់លោក Honda បាន​​ធ្លាក់ចេញពីការ​ប្រកួត​ពាន​រង្វាន់ AFF U23 Championship 2022 ត្រឹម​វគ្គ​ជម្រុះ​​តាមពូល ក្នុងនាមជាម្ចាស់​ផ្ទះ។​

អតីតកីឡាករជម្រើសជាតិកម្ពុជា កែវ សុខង៉ន បាននិយាយ​ទៀត​ថា៖​ «លោក Honda មកដឹកនាំ មិនយកលុយ (Free) មែន តែនេះក៏ដោយសារកេរ្តិ៍ឈ្មោះរបស់គាត់ដែរ។ គាត់​លះ​បង់​ស្អីគេ? បើលះបង់ពិតមែន គាត់សុខចិត្តឈប់លេងបាល់ ហើយមករស់នៅកម្ពុជា ដើម្បីតាម​ដាន នៅដឹកនាំជាមួយជម្រើសជាតិកម្ពុជា ទើបហៅថា លះបង់ ហើយទទួលបានជោគជ័យ»។

អ្នកចាត់ការ​ទូទៅ​ក្រុម​ភ្នំពេញក្រោន រូបនេះ បានបន្ថែម​ថា៖​ «បើថា លោក​ចង់​បាន​ប្រាក់​ខែ ចាំរៃលុយពីប្រជាជនកម្ពុជា ម្នាក់១ដុល្លារ ឱ្យ​ជាប្រាក់ខែក៏បាន។ ពេល​ការ​ប្រកួត​ក្នុងលីគ គ្មាន​ឃើញ​គ្រូ Honda មកមើលទេ ឃើញតែ Suzuki , Isuzu … មានតែគ្រូខ្មែរៗ ជា​អ្នក​ទៅ​តាម​ដាន​កីឡាករ ជ្រើសរើសកីឡាករ។ ជិតដល់ថ្ងៃប្រកួតមកដល់ ពេលប្រកួតឈរ​៩០នាទី មាន​ន័យ​អ្វី?»។

បើ​ទោះបីជា លោក កែវ សុខង៉ន បាន​អះអាង​ថា អ្វី​ដែល​លោកបានលើកឡើង​នេះ គ្រាន់​តែ​ជា​ការ​រិះគន់​ស្ថាបនា ដើម្បីចង់ឱ្យ​បាល់ទាត់កម្ពុជាយើងរីកចម្រើន  ដោយ​​លោកខ្លួន​ឯក ក៏​ធ្លាប់​​ឈឺ​ចាប់​ច្រើន​លើក​ច្រើនសារ ចំពោះ​ការ​ចាញ់របស់ក្រុមជម្រើសជាតិ ប៉ុន្តែ​តាម​រយៈការ​រិះគន់នេះ វា​​បាននឹង​កំពុងក្លាយ​ជា​ភ្លើងកំដៅដុត​បញ្ឆោះ​ទៅលើអារម្មណ៍​របស់អ្នកគាំ​ទ្រភាគ​ច្រើន ដែល​ស្រឡាញ់ និង​​ឱ្យ​តម្លៃ​ទៅ​ដល់ការ​លះបង់​របស់លោក Honda មកដល់​​ក្រុមជម្រើសជាតិ កម្ពុជា។​

ជាមួយគ្នា​នេះ ក៏មាន​អ្នកគាំ​ទ្រ​មួយចំនួន​តូច យល់​​ឃើញថា គួរតែមានការ​កែ​ប្រែ​នៅចំណុខ​ខ្លះ ចំពោះការ​ដឹកនាំ​ក្រុម​កម្ពុជា របស់លោក Honda ផង​ដែរ ដើម្បី​ធ្វើ​ឱ្យគុណ​ភាព​លេង​​របស់​ក្រុមកម្ពុជា​ កាន់​តែ​មាន​ភាព​ប្រសើរ​ផងដែរ។ តែ​ទោះបីជា​យ៉ាងណា ប្រធានសហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា លោក សៅ សុខា ធ្លាប់បាន​ថ្លែង​ថា លោកមានការជឿជាក់ ទៅលើ​លោក Keisuke Honda និង​ក្រុមការងារ​របស់​គាត់ ក្នុង​ការ​ជួយ​ឱ្យកម្ពុជា ទទួល​បាន​ជោគ​ជ័យ ក្នុង​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលកម្ពុជា នឹងត្រូវធ្វើ​ម្ចាស់​ផ្ទះ ជាលើក​ដំបូង៕