សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​​កម្ពុជា អាយុ​ក្រោម​២៣​ឆ្នាំ សម្រាប់​ត្រៀម​ទៅ​ចូល​រួមការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម នា​ខែឧសភា​នេះ ជា​ផ្លូវការ​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​នៅ​ក្នុង​បញ្ជីឈ្មោះ​នេះ មិនទាន់​ឃើញ​វត្តមាន​កីឡាករ​លើស​អាយុ នៅឡើយទេ។

ដោយមានក្រុម​គ្រូ​បង្វឹកជម្រើសជាតិ ជាអ្នក​អនុវត្ត​ផ្ទាល់ ទៅលើការ​ជ្រើសរើស​កីឡាករ​នេះ FFC បានប្រកាស​ឈ្មោះ​កីឡាករ​ចំនួន២៦នាក់ ដែល​ត្រូវ​ដាក់ឱ្យ​ចូល​រួម ការ​ប្រកួត​ស៊ីហ្គេម លើក​នេះ ហើយ​នៅ​ក្នុងបញ្ជី​ឈ្មោះ​នេះ កីឡាករ​របស់​ក្រុម​បឹងកេត ត្រូវ​បានជ្រើសរើសច្រើនជាង​គេ។

តាម​រយៈ​បញ្ជី​រាយនាម​កីឡាករ​ជម្រើសជាតិកម្ពុជា សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​​​២០២២​នេះ កីឡាករ​របស់​ក្រុមបឹងកេត ចំនួន៥នាក់ ត្រូវ​បាន​ជ្រើសរើស គឺ​មាន​ចំនួន​ច្រើនជាង​គេ។ បន្ទាប់​មក​​គឺ​ក្រុម​ខេត្ត​ព្រៃវែង ដែល​មាន​៤នាក់ ចំណែក​ក្លិប​ភ្នំពេញ​ក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និងណាហ្គាវើលដ៍​ មាន​៣នាក់ដូចគ្នា ហើយ​​ក្លិប​អង្គរ​ថាយហ្គឺរ មាន​២នាក់ រីឯ​ក្រុម​កង​យោធពលខេមរភូមិន្ទ គិរីវង់សុខសែនជ័យ និង​ក្រុម​អគ្គិសនី​កម្ពុជា មាន​ចំនួន​១នាក់ដូចគ្នា។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​បញ្ជី​រាយនាម​កីឡាក​ជម្រើសជាតិកម្ពុជា​នេះ គឺ​មានការផ្លាស់ប្តូរ​បេក្ខភាពមួយចំនួន បើប្រៀប​ធៀប ទៅនឹង​បញ្ជី​ឈ្មោះ ការ​ប្រកួត​ពាន​រង្វាន់ AFF U23 Championship 2022 ដែល​កម្ពុជា បាន​ធ្វើជា​ម្ចាស់​ផ្ទះ កាលពី​ពេលថ្មីៗ​នេះ ហើយ​ប្រធាន​ក្រុម ទេស សម្បត្តិ ដែល​កំពុង​ញ៉ាំញី​ដោយ​បញ្ហា​របួស​កជើងឆ្វេង នោះ ក៏គ្មាន​ឈ្មោះ នៅ​ក្នុង​បញ្ជី​នេះ​ផងដែរ។

យ៉ាង​ណា​ក៏​ដោយ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និងក្រុមគ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា ដោយមាន​លោក Keisuke Honda ជាអ្នកចាត់ការ​ក្រុម​នោះ នៅមិនទាន់បានបង្ហាញ​បេក្ខភាព​ជា​កីឡាករ​ជម្រើសជាតិ លើស​អាយុ ទាំង​៣​នាក់ នៅឡើយ​ទេ ព្រោះការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ គេ​កំណត់ប្រើ​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ បូក​ទាំង​​កីឡាករ​លើស​អាយុ ចំនួន៣នាក់ ហើយ​បញ្ជីឈ្មោះ​សរុបនៃ​វិញ្ញាសា​បាល់​ទាត់​នេះ ត្រូវ​បានម្ចាស់​ផ្ទះ​វៀតណាម ​អនុញ្ញាត​អាច​ឱ្យ​មាន​​ចំនួន​​៣០​នាក់៕