បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់បាល់ច្រើន​ជាង​គេ​ប្រចាំ​យុទ្ធនា​ការ Euro ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​ព័រ​ទុយ​ហ្គាល់ បាន​ចាប់​ផ្តើម​យុទ្ធនា​ការ Euro ឆ្នាំ​២០២០របស់​ពួក​គេ​ជាមួយ​នឹង​ជ័យ​ជម្នះ កាលពីថ្ងៃ​អង្គារ តាមរយៈការផ្តួលក្រុម​ជម្រើស​ជាតិ​ហុង​គ្រី​យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៣-០ ក្នុង​ទីក្រុង Budapest​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ ក្រុមម្ចាស់​ជើង​​ឯក​ពិភព​លោក​បារាំង បានផ្តួលក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ក្នុងលទ្ធ​ផល ១-០ ក្នុង​ទីក្រុង Munich​។ Ronaldo រក​បាន​គ្រាប់​បាល់​ទី​១០ និង​ទី​១១​របស់គេ ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​អឺ​រ៉ុប ដើម្បី​បំ​បែកកំណត់ត្រា​កាល​ពី​មុន​ដែលគ្រប់គ្រង​ដោយ​អតីត​វីរបុរស​បារាំង Michel Platini ដែល​រក​បានគ្រាប់បាល់​សរុប​៩​គ្រាប់​។

បន្ទាប់​ពី​ការ​ប្រកួត Ronaldo បាន​ឲ្យដឹង​ថា៖ «ខ្ញុំ​ពិត​ជាត្រូវ​អរគុណ​ដល់​ក្រុម​នេះ​ដែល​បាន​ជួយ​ឲ្យ​ខ្ញុំ​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់ និង​​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia