បរទេស៖ ខ្សែ​ប្រយុទ្ធ Gareth Bale ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​វេលស៍ បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា អ្នក​គាំទ្រ​​ដ៏ច្រើន​កុះ​ករ នៅ​ទីក្រុង Baku ដែល​កំពុង​តែ​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​តួក​គី ក្នុង​ការ​ប្រកួត​ពូល A នៃ​ព្រឹត្តិ​ការណ៍ Euro 2020 របស់​ពួកគេ នឹង​​លើក​ទឹក​ចិត្តដល់ក្រុម​របស់គេ​។

Gareth Bale says Turkish support will spur on Wales players in Baku

ក្រុម​របស់ Bale នឹង​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​តួក​គី ដែលមាន​រហស្សនាម​ថា Crescent Stars នៅ​រាត្រីនេះ ហើយប្រជា​ជន​នៅ​អាស៊ែ​បៃ​ហ្សង់ នឹងគាំទ្រ​ក្រុម​ជម្រើស​ជាតិ​តួកគី ដោយ​សារ​តែ​​​មាន​ទំនាក់ទំនង​ផ្នែក​ប្រវត្តិ​សាស្ត្រ និង​វប្បធម៌​រវាង​ទីក្រុង Ankara និង Baku​។ បើ​យោង​ទៅ​តាម​សហ​ព័ន្ធកីឡា​បាល់ទាត់​អាស៊ែ​បៃហ្សង់ អ្នកគាំទ្រ​តួកគីចំនួន​៤០០០នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Baku​។ Bale បាន​ឲ្យដឹង​ថា៖ «ភាព​ជា​គូ​បដិបក្ខ គ្មាន​បញ្ហា​ឡើយ​។ នេះ​គឺ​ជា​រឿង​ដែល​យើង​ត្រូវ​ជួប​។ យើង​ស៊ាំ​នឹង​ការ​លេង​ក្រៅដី និង​ពីមុខ​អ្នក​គាំទ្រ​ជា​គូ​បដិបក្ខទៅហើយ​។ នេះ​គឺ​ជា​រឿង​ដែល​យើង​ចូល​ចិត្ត​។ មិន​ថា មានអ្វី​ក៏ដោយ វា​នឹង​ជួយ​លើក​ទឹក​ចិត្ត​​យើង​កាន់​តែ​ខ្លាំង​លើ​ទីលាន ហើយ​ជា​​ការរំពឹង​ទុក យើង​អាច​​ធ្វើ​ឲ្យ​ពួកគេ​ស្ងាត់​មាត់​»​។

ក្រុម​ជម្រើស​ជាតិ​វេលស៍ បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​របស់​ពួក​គេ តាមរយៈ​ការ​ដណ្តើម​បានលទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម​ជ្រើស​ជាតិ​ស្វ៊ីស ខណៈ​ដែល​តួក​គី ចាញ់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ក្នុងលទ្ធ​ផល ៣-០​ នៅ​ថ្ងៃ​បើកឆាក​៕

 

ប្រភព​ព័ត៌​មាន៖ Channel New Asia