បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានក្លាយជាក្រុមដំបូងគេដែលឈានទៅប្រកួតវគ្គបន្ទាប់នៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ខណៈដែលខ្សែបម្រើ Manuel Locatelli បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមជម្រើសជាតិស្វ៊ីស ក្នុងទីក្រុងរ៉ូម កាលពីថ្ងៃពុធ។
ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិវេលស៍ ក៏បានខិតកាន់តែកៀកក្នុងទៅវគ្គ១៦ក្រុមចុងក្រោយផងដែរ ក្រោយពីបានផ្តួលក្រុមជម្រើសជាតិតួកគី ខណៈរុស្ស៊ី បានរក្សាក្តីសង្ឃឹមរបស់ខ្លួន តាមរយៈការផ្តួលហ្វាំងឡង់ ១-០។ អ៊ីតាលី ដែលមានរហស្សនាមថា Azzurri បច្ចុប្បន្នមិនស្គាល់ចាញ់សោះពីការប្រកួត២៩លើក និងបានឈ្នះការប្រកួត១០លើកចចុងក្រោយជាប់ៗគ្នា ដោយមិនរបូតគ្រាប់បាល់សូម្បីតែ១គ្រាប់ ហើយពួកគេកំពុងតែឈរលេខ១ក្នុងពូល A និងមានសុវត្ថិភាពរួចជាស្រេចក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ លោក Roberto Mancini គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី បានប្រាប់ទូរទស្សន៍ RAI ថា៖ «យើងលេងបានយ៉ាងល្អ យើងចង់ឈ្នះរាល់ការប្រកួតទាំងអស់។ ពួកគេបានចាប់ផ្តើមយ៉ាងល្អ ហើយវាមិនងាយស្រួលឡើយក្នុងការឈ្នះការប្រកួតទី២ក្នុងរយៈពេល៥ថ្ងៃនោះ»។
ក្រុមរបស់លោក Mancini ដែលកំពុងសម្លឹងរកការឈ្នះពានទ្វីបជាលើកទី២របស់ខ្លួន ក្រោយពីបានឈ្នះជាលើកដំបូងក្នុងឆ្នាំ១៩៦៨នោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមវេលស៍ ក្នុងការប្រកួតចុងក្រោយក្នុងពូល នៅថ្ងៃអាទិត្យ ដើម្បីប្រជែងយកកៅអីលេខ១៕
ប្រភពព័ត៌មាន៖ Channel News Asia