បរទេស៖ ក្រុម​ជម្រើស​ជាតិ​វេលស៍ បាន​អប​អរ​ការ​ឈាន​ទៅ​​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Euro 2020 បើ​ទោះ​បី​​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ក្នុងលទ្ធផល ១-០ ក្នុង​ទីក្រុង​រ៉ូម កាលពីថ្ងៃ​អាទិត្យក៏ដោយ​ ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ត្រូវ​តែ​រង់​ចាំ​បន្តិច​សិន​មុន​នឹង​ដឹង​ថា ពួកគេ​ត្រូវ​ធ្លាក់​ចេញ ឬ​ក៏​ត្រូវ​ឈាន​ទៅ​វគ្គ​បន្ត​។

ខ្សែ​ប្រយុទ្ធ Gareth Bale និង​មិត្ត​រួម​ក្រុម​នៃក្រុម​ជម្រើស​ជាតិ​វេលស៍របស់​គេ បាន​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃក្រុម​ខ្លាំង​អ៊ីតាលី នា​កីឡដ្ឋាន Stadio Olimpico ស្រប​ពេល​ដែល​កីឡាករ Matteo Pessina គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​តែ​១​គ្រាប់​នោះ​។ ក្រុម​ជម្រើស​ជាតិ​វេលស៍ បាន​បាត់​បង់​កីឡាករ Ethan Ampadu ដោយ​សារ​តែ​ការ​រង​ពិន័យ​កាតក្រហម និង​មិនអាច​រក​​គ្រាប់បាល់​តាមស្មើ​វិញ​​បាន​ឡើយ ប៉ុន្តែ លទ្ធផល​នេះ គ្រប់គ្រាន់​សម្រាប់​ពួកគេ​ក្នុងការឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត ក្នុងពូល A ដោយ​សារ​តែ​មាន​គ្រាប់បាល់​ច្រើន​ជាងក្រុម​ស្វ៊ីស ដែល​បានផ្តួល​ក្រុម​ជម្រើស​ជាតិតួក​គី​ក្នុងលទ្ធផល ៣-១ ក្នុង​ទីក្រុង Baku​ ប្រទេស​អា​ស៊ែ​បៃ​ហ្សង់​​។ Bale បាន​ប្រាប់​ទូរ​ទស្សន៍​ចក្រ​ភព​អង់គ្លេស ITV ថា៖ «យើង​ចង់​ទទួល​បាន​លទ្ធផល​មួយ ប៉ុន្តែ រឿង​ដ៏សំខាន់​បំផុត​នោះ​គឺ​ថា យើង​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់លេខ​២»​​។

ក្រុម​ជ្រើស​ជាតិ​​វេលស៍ បាន​បញ្ចប់​ដោយមាន​ពិន្ទុ​ស្មើ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ប៉ុន្តែ នាំមុខ​ដោយ​សារ​តែ​មាន​គ្រាប់បាល់​ច្រើន​ជាង​។ យ៉ាង​ណា​ក៏ដោយ ស្វ៊ីស មិន​ទាន់ធ្លាក់​ចេញ​ទេ ដោយ​រង់​ចាំ​អ៊ុត​ថា ពួកគេ​អាច​ឈាន​ទៅ​វគ្គ​បន្ត​ក្នុងនាម​ជាក្រុម​លេខ​៣ល្អ ក្នុង​ចំណោម​ក្រុម​លេខ​៣ល្អ​ទាំង​៤ ឬអត់​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia