អ្នកប្រយុទ្ធ​ដែល​មាន​ចិត្ត​សឿង ក្នុងការ​វាយ​ប្តូរ អេលីត សាន់ ​បាន​ប្រើពេល​សរុប​មិនដល់​៤ទឹក​ពេញ​លេញ​ផង ដើម្បី​ក្រសោប​បាន​តំណែង​ជើង​ឯក អម​ដោយ​ប្រាក់រង្វាន់​ចំនួន​ ៣,៤លាន​រៀល ពី​ការ​ប្រកួត​ដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀនថោន កាល​ពី​ថ្ងៃ​អាទិត្យ ផ្ទុយ​ពី​នេះ កីឡាករ​ដែល​ត្រូវបានគេ​រំពឹង​ថា អាច​ឈ្នះ​បាន​ប្រាក់​លាន វៀត ប៊ុនឌឿន បាន​ធ្លាក់តាំង​ពីវគ្គ​ជម្រុះ។

តាម​រយៈការ​ប្រកួត កាល​ពី​ថ្ងៃអាទិត្យ​នោះ ការ​ប៉ះ​គ្នា​រវាង អេលីត សាន់ និង វៀត ប៊ុនឌឿន ​បាន​ក្លាយ​ជា​ការ​ប្រកួត ដែល​ទទួល​បានការចាប់អារម្មណ៍​ខ្លាំង និងមានអ្នក​ចូល​រួមទស្សនា តាមការ​ផ្សាយ​ផ្ទាល់​ច្រើន ព្រោះ​នៅ​ក្នុងការ​ប្រកួត​៣ទឹក​នេះ អេលីត សាន់ និង វៀត ប៊ុនឌឿន បាន​វាយ​ប្តូរ​កែង​គ្នា​យ៉ាង​រន្ធើន បន្ថែម​ទៅ​លើការ​ម៉ាត់ ទាត់ និង​បុកជង្គង់។

យ៉ាង​ណា​ក៏​ដោយ នៅ​តាមរយៈ​ការវាយ​ប្តូរគ្នា​នោះ គេ​មើល​ឃើញ​ថា ការ​វាយចូល​របស់ អេលីត សាន់ ចំគោលដៅ និងមានទម្ងន់ធ្ងន់ជាង ជា​ហេតុ​នាំ​ឱ្យ​ចៅ​ក្រម​ទាំង​៥ បាន​ផ្តល់ពិន្ទុឱ្យ​ អេលីត សាន់ ឈ្នះ​ពិន្ទុ វៀត ប៊ុនឌឿន ដោយ​ឯកច្ឆន្ទ ៥-០។ យ៉ាង​ណា​ក៏​ដោយ ចំពោះការ​ប្រកួតនេះ អេលីត សាន់ បាន​និយាយ​ថា៖​ «ការ​ប្រកួតជុំ​ទី​១​ មានភាព​ស្វិត​ស្វាញ​មែនទែន ព្រោះ វៀត ប៊ុនឌឿន ល្អ​កែង ចំណែក​ខ្ញុំ បាន​ព្យាយាម​វាយ​ត្រង​យក​ពិន្ទុ ប៉ុន្តែ​ការ​ប្រកួត​លើកនេះ ខ្ញុំ​ក៏​បាន​វាយ​កែង​សង​វិញ​ច្រើន​ផងដែរ ដោយ​សារ​ខ្ញុំ ចូល​ចិត្ត​វាយ​ប្តូរ​បែប​នេះ»។

ជាមួយ​គ្នា​នោះ កីឡាករ​ជើង​ថ្មី ខាន់ ឃន ​បាន​បង្កើត​ឱ្យមានការ​ភ្ញាក់​ផ្អើល សម្រាប់ការ​បង្ហាញ​ខ្លួនជា​លើក​ដំបូង នៅ​ក្នុងការ​ប្រកួតដណ្តើម​ប្រាក់​លាន​នេះ ដោយ​រូបគេ បាន​វាយ​ឱ្យ​កីឡាករ ពុទ្ធ សំបូរ បាក់ក្តោង​ច្រមុះ និងបង្ខំ​ចិត្ត បោះ​បង់​ចោល​ការ​ប្រកួត នៅពេល​ស្នូរ​ជួង​ទឹកទី​៣ បាន​បន្លឺ​ឡើង។

យ៉ាង​ណា​ក៏ដោយ កីឡាករ​មានកម្ពស់ និងកាយសម្បទា​ល្អ ខាន់ ឃន មិនអាច​តស៊ូ​ជាមួយ​ជើង​ខ្លាំង អេលីត សាន់ បាន​យូរនោះ​ទេ សម្រាប់ការ​ឡើង​ទៅជួបគ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ គឺ ខាន់ ឃន ​ត្រូវ​បាន អេលីត សាន់ ម៉ាត់​ចូល​មុខ​៣ដៃ​ផ្តួនៗ បណ្តាល​ឱ្យគាំង និងត្រូវបាន​អាជ្ញាកណ្តាល​រាប់ នៅពេល​កណ្តាល​ទឹក​ទី​២ ហើយស្ថិតក្នុងឱកាស​ដ៏​ល្អ​នោះ សាន់ បាន​ធាក់​ចូល​ដើមទ្រូង ខាន់ ឃន ពេញ​មួយទំហឹង បណ្តាល​ឱ្យ​ដួល​ ក្រោក​លែង​រួច​តែ​ម្តង។

ជារូប សម្រាប់ការ​បន្តឈ្នះ​ប្រាក់​លាន ជា​លើក​ទី​២ នៅ​លើ​សង្វៀនថោន លើក​នេះ អេលីត សាន់ បាន​ប្រើពេលមិន​ដល់​៤ទឹកពេញ​ផង ដើម្បី​យក​ឈ្នះ​លើ​កីឡាករ វៀត ប៊ុនឌឿន និង ខាន់ ឃន ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក។ តែទោះបីជា​យ៉ាងណា អេលីត សាន់ បានសរសើ​ទៅ​ដល់​ភាព​អំណោត​ផល​របស់ ខាន់ ឃន ហើយរូបគេ​បាន​ធ្វើការ​វាយ​តម្លៃ​ថា កីឡាករ​វ័យក្មេង​ម្នាក់នេះ នឹង​អាច​មាន​ឈ្មោះ​បោះ​សំឡេង នៅ​ក្រៅស្រុក នាពេលអនាគត។  អេលីត សាន់ បាន​បញ្ជាក់ថា៖​«ខាន់ ឃន មាន​រាង​កាយ​ល្អ មាន​កម្ពស់​ខ្ពស់ ពិបាក​ក្នុងការ​វ៉ៃជាមួយគាត់​ដែរ តែ​គាត់រាង​នៅ​ខ្ចីបន្តិច បើ​គាត់ចាស់បន្តិច ខ្ញុំ​ក៏​ពិបាក​ស៊ី​គាត់​ដែរ។ សម្រាប់អនាគត ខ្ញុំគិត​ថា បើ​សិនជា ខាន់ ឃន ដាក់​ចិត្តក្នុងការហ្វឹក​ហាត់ជាមួយគុនខ្មែរ គាត់នឹង​អាច​ល្បីនៅ​ក្រៅ​ស្រុក ដោយ​សារ​តែ​​កម្ពស់កម្ពរ និង​រាង​កាយ​របស់គាត់ គឺ​ស័ក្តិសម​ជាកីឡាករ​ម្នាក់»៕