បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ដា​​ណឺ​ម៉ាក បាន​ឈាន​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ​នៃព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ ក្រោយ​ពី​បាន​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​យ៉ាង​កក់ក្តៅ​ក្នុងលទ្ធ​ផល​ ៤-១ នា​កីឡដ្ឋាន Parken កាលពីថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​ជ័យ​ជម្នះ​នេះ ក៏​ជួយ​ឲ្យ​៥​ក្រុម​ទៀត​ទៅ​វគ្គ​បន្ត​ផង​ដែរ​។

ដា​ណឺ​ម៉ាក បាន​ដឹង​ថា ពួក​គេ​ត្រូវ​តែ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី តាម​រយៈ​ការរក​ឲ្យ​បាន​គ្រាប់​បាល់​យ៉ាងហោច​ណាស់​២​គ្រាប់ និង​សង្ឃឹម​ថា ក្រុម​ឈរ​លេខ​១​បែលហ្ស៊ិក ផ្តួល​ក្រុមជម្រើស​ជាតិ​ហ្វាំង​ឡង់ ក្នុង​ទីក្រុង Saint Petersburg ដើម្បី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​២ក្នុង​ពូល B បើ​ទោះ​បី​ចាញ់​២​លើក​ពីការ​ប្រកួត​បើកឆាក​ទាំង​២លើក​របស់​ខ្លួន​ក៏ដោយ​។ ស្រប​ពេល​ជាមួយគ្នានេះ បែលហ្ស៊ិក បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ដើម្បី​ផ្តួលក្រុម​ជម្រើស​ជាតិ​ហ្វាំង​ឡង់​ក្នុងលទ្ធ​ផល ២-០។ ក្រុម​ដា​ណឺម៉ាក របស់​លោក​ Kasper Hjulmand នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​វេលស៍ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្នុង​ទីក្រុង Amsterdam នៅ​ថ្ងៃ​សៅរ៍​។ លោក Maehle បានប្រាប់​ទូរ​ទស្សន៍​ដា​ណឺ​ម៉ាក DR ថា៖ «រឿង​ដ៏សំខាន់​បំផុត​នោះ​គឺ​ថា ពេលនេះ យើង​មាន​រួម​ចិត្ត​រួម​ថ្លើម​តែមួយ​ក្នុងនាម​ជា​ក្រុម​ដា​ណឺម៉ាក​»​។

ដោយឡែក ក្រុម​ជម្រើស​ជាតិ​អូ​ទ្រីស ក៏​បាន​យកឈ្នះ​លើ​​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន ១-០ ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​​ ផង​ដែរ​។ លទ្ធផល​ក្នុងការ​ប្រកួត​ពូល B ក៏​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ដែល​បានប​ញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ក្នុងពូល A សា​ធារណ​ឆែក អង់គ្លេស ស៊ុយ​អែត និង​បារាំង ដែលនៅ​តែ​ត្រូវ​លេង​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន ទៅ​វគ្គ​១៦​ក្រុម​ផង​ដែរ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia