បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស ដណ្តើម​បាន​លេខ​១ក្នុងពូល D នា​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ ក្រោយពី​បាន​យកឈ្នះ​ក្នុងលទ្ធផល ១-០ លើក្រុម​ជម្រើស​ជាតិ​សា​ធារណរដ្ឋ​ឆែក ស្រប​ពេល​ដែល​គ្រាប់បាល់​បញ្ចូល​ទី​យ៉ាងល្អ​របស់ Luka Modric ក៏​បាន​ជួយ​ឲ្យ​ក្រូ​អាស៊ី ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ផង​ដែរ ក្រោយពី​ជ័យ​​ជម្នះ ៣-១ របស់​ពួកគេ បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​ស្កុត​ឡេន កាលពីថ្ងៃ​អង្គារ​។

ក្រោយពី​មាន​សុវត្ថិភាព​រួច​ជាស្រេចក្នុងការ​ឈ្នះកៅអី​ទៅវគ្គ​១៦​ក្រុម​ចុងក្រោយ អង់គ្លេស បាន​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា ការ​ប្រកួត​វគ្គ​បន្ទាប់ នឹង​ត្រូវ​លេងនៅ​ពី​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន នាកីឡដ្ឋាន Wembley ក្រោយពី Raheem Sterling​ បាន​រក​គ្រាប់បាល់​ឈ្នះ​នៅ​តង់​ទី​១ ក្នុង​ពេលប្រកួត​ជា​មួយនឹង​ឆែក​។

អង់គ្លេស នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​លេខ​២ក្នុងពូល F នា​ថ្ងៃ​ទី​២៩ ខែ​មិថុនា ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​បារាំង អាល្លឺ​ម៉ង់ ព័រ​ទុយ​ហ្គាល់ ឬ​ហុងគ្រី សុទ្ធ​សឹង​ជា​គូ​ប្រកួត​ដែលពួក​គេ​អាច​នឹង​ជួប​។ ស្រប​ពេល​ជាមួយ​នេះ UEFA បាន​បដិ​សេធ​នឹង​សំណើ​របស់​អាជ្ញា​ធរ​ក្រុង​ Munich ក្នុងការ​បើក​ភ្លើង​ឥន្ធនូរនៅ​កីឡដ្ឋាន Allianz Arena សម្រាប់ការ​ប្រកួតរវាងក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ និង​ហុង​គ្រី នៅ​រាត្រីនេះ​​។

ក្រូ​អាស៊ី បានឡើង​ឈរពីលើក្រុម​ជម្រើស​ជាតិ​ឆែក ក្នុង​ចំណាត់​ថ្នាក់លេខ​២ ក្រោយពី​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​ក្នុង​ទីក្រុង Glasgow ស្រប​ពេល​ដែល Modric បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​យ៉ាងល្អ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia