បរទេស៖ អ្នកចាំទី Manuel Neuer បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ កំពុងតែរីករាយក្នុងការវិលទៅកាន់កីឡដ្ឋាន Wembley ដើម្បីជួបជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ពោលគឺរយៈពេល២៥ឆ្នាំ ក្រោយពីបានផ្តល់ការខកចិត្តដល់អង់គ្លេស ក្នុងយុទ្ធនាការនេះ។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានប្រឈមមុខនឹងការធ្លាក់ចេញពីពូល F កាលពីថ្ងៃពុធ នៅមុនពេលកីឡាករបម្រុង Leon Goretzka បានរកគ្រាប់បាល់តាមស្មើដ៏សំខាន់នៅជិតបញ្ចប់ការប្រកួតដើម្បីទទួលបានលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុមជម្រើសជាតិហុងគ្រី និងដើម្បីជួយឲ្យក្រុមរបស់លោក Joachim Loew ឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ បច្ចុប្បន្ន ក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវប៉ះក្រុមអង់គ្លេស របស់លោក Gareth Southgate នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ ដើម្បីប្រជែងយកកៅអីទៅវគ្គ៨ក្រុមចុងក្រោយ។ អ្នកចាំទីអន្តរជាតិអាល្លឺម៉ង់ Neuer បានឲ្យដឹងថា៖ «វាគឺជាការប្រកួតដ៏រំភើបមួយ និងពិតជាតានតឹង។ អង់គ្លេស នឹងក្លាយជាការប្រកួតមួយខុសគ្នាទាំងស្រុង។ យើងចង់ទៅវគ្គបន្តទៀត ហើយ Wembley ពិតជាសក្តិសមនឹងយើងណាស់»។
អង់គ្លេស នឹងសម្លឹងរកការសងសឹកចំពោះការរងបរាជ័យរបស់ពួកគេក្នុង Euro ឆ្នាំ១៩៩៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុមអាល្លឺម៉ង់ នាកីឡដ្ឋាន Wembley ក្រោយពីក្រុមម្ចាស់ផ្ទះបានចាញ់ដោយការស៊ុតបាល់ប៉េណាល់ទី ស្របពេលដែលអាល្លឺម៉ង់ បានបន្តទៅផ្តួលក្រុមសាធារណរដ្ឋឆែក ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
ប្រភពព័ត៌មាន៖ Channel News Asia