បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិបែលហ្ស៊ិក មិនមានការ​បារម្ភ​ចំពោះ​ការ​ជួប​ជាមួយនឹងក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​​ឯក​ព័​រ​ទុយ​ហ្គាល់ ក្នុង​ការ​ប្រកួត​​វគ្គ​បន្ទាប់នៃព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ ឡើយ ដោយ​ចាត់​ទុក​ថា ការ​ជួបគូ​ប្រកួត​ដែល​ខ្សោយ​ជាង​នេះ អាចនឹង​​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​នូវ​ភាព​មុតស្រួច​។ នេះបើយោង​ទៅ​តាម​ការ​លើក​ឡើង​របស់​ខ្សែការ​ពារ Toby Alderweireld​ កាលពីថ្ងៃព្រហស្បតិ៍។

ក្រោយពី​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយហ្គាល់ បាន​បញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ក្នុងពូល F បន្ទាប់​ពី​​បាន​បញ្ចប់​ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​បារាំង កាលពីថ្ងៃពុធ កីឡាករ​រូបនេះ​បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​ថា៖ «ខ្ញុំគិត​ថា អ្នក​មិន​អាច​​រីក​រាយ ឬ​ពេញ​ចិត្ត​អំពី​គូ​ប្រកួត​ឡើយ​»​។ ក្រុម​បាល់​ទាត់ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​វាយ​បក​តាមស្មើក្រុម​ជម្រើស​ជាតិហុង​គ្រី ក្នុងលទ្ធ​ផល ២-២ ដើម្បី​បញ្ចប់​ដោយ​ការ​ឈរលេខ​២​ក្នុងពូល F ខណៈ​ដែល​ព័រ​ទុយ​ហ្គាល់ ត្រឹមតែ​អាច​ទៅ​វគ្គ​បន្ត​ក្នុងនាម​ជាក្រុម​លេខ​៣ បន្ទាប់​ពី​ផ្តួល​ហុង​គ្រី ៣-១ នៅ​ថ្ងៃ​បើកឆាក មុន​នឹង​ចាញ់​ក្រោមស្នា​ដៃក្រុម​អាល្លឺ​ម៉ង់ ៤-២​​។

ដោយ​ឡែក ក្រុមជម្រើស​ជាតិ​បែលហ្ស៊ិក បាន​ចាប់ផ្តើម​យ៉ាង​ល្អ តាម​រយៈការ​ផ្តួលក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ៣-០ មុន​នឹង​បន្ត​ផ្តួលក្រុម​ដា​ណឺ​ម៉ាក ២-១ និ​ងហ្វាំង​ឡង់ ២-០ ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​១ក្នុងពូល​។ Alderweireld បាន​បញ្ជាក់​ថា៖ «​ប្រសិន​បើ​យើង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិហុងគ្រី​វិញ នោះគ្រប់គ្នា​ចាប់​ផ្តើម​គិត​ថា នេះ​នឹងក្លាយ​ជាការ​ប្រកួត​ដ៏​ងាយស្រួល​។ ពេលនេះ យើង​នឹង​ត្រូវ​ជួបក្រុម​ខ្លាំង​មួយ ដែលនឹង​បង្ខំ​ឲ្យ​យើង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​តំបន់​ប្រយុទ្ធ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia