បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានឈានទៅវគ្គ១៦ក្រោយ ទាំងភាពងាយស្រួល បើធៀបទៅនឹងយុទ្ធនាការ Euro មុនៗរបស់ពួកគេ ប៉ុន្តែ តំបន់ការពារដ៏រឹងមាំរបស់ពួកគេ កំពុងតែធ្វើឲ្យក្រុមមានរហស្សនាមថា Azzurri មួយនេះ មានក្តីសង្ឃឹមខ្ពស់ក្នុងការផ្តួលក្រុមជម្រើសជាតិអូទ្រីស ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីឈានទៅវគ្គកាន់តែជ្រៅនៃយុទ្ធនាការនេះ។
ក្រុមជម្រើសជាតិអ៊ីតាលី បានទួលជ័យជម្នះក្នុងការប្រកួតបើកឆាកទាំង២លើករបស់ខ្លួនក្នុងលទ្ធផល ៣-០ ដូចគ្នា ក្រោយពីមិនធ្លាប់បានស៊ុតបាល់បញ្ចូលទី៣គ្រាប់សោះកាលពីមុនក្នុង Euro ហើយបន្ទាប់មក បានផ្តួលក្រុមជម្រើសជាតិវេលស៍ ១-០ ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ខ្លួន បើទោះបីប្រើប្រាស់កីឡាករបម្រុងជាច្រើនក៏ដោយ។ ប៉ុន្តែ ការមានតំបន់ការពារដ៏រឹងមាំរបស់អ៊ីតាលី មិនមែនជាកំណត់ត្រាថ្មីរបស់ពួកគេឡើយ។ តំបន់ការពារដ៏រឹងមាំដែលត្រូវបានគេដាក់ឈ្មោះថា Catenaccio ពីជំនាន់ទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតលី មានភាពល្បីល្បាញទៅលើតំបន់ការពាររបស់ខ្លួន។ លោក Gianni Brera អ្នកកាសែតអ៊ីតាលី បានសរសេរឃ្លាដ៏ល្បីល្បាថា៖ «ការប្រកួតដ៏ល្អឥតខ្ចោះ នឹងបញ្ចប់ក្នុងលទ្ធផលស្មើ ០-០»។
បច្ចុប្បន្ន តំបន់ការពាររបស់អ៊ីតាលី កំពុងតែផ្តល់ការភ័យខ្លាចម្តងទៀត។ ក្រុមជម្រើសជាតិអ៊ីតាលី បានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនរាល់ការប្រកួតទាំង១១លើកចុងក្រោយរបស់ពួកគេ ក្នុងរាល់យុទ្ធនាការទាំងអស់ បើគិតចាប់តាំងពី Donny van de Beek រកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិហូឡង់ កាលពីខែតុលា៕
ប្រភពព័ត៌មាន៖ Channel News Asia