បរទេស៖ តារាឆ្នើម Gareth Bale និងក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ ប្រហែលជាក្រុមខ្លាំងលាក់មុខ អំឡុងពេលពួកគេឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ប៉ុន្តែ ស្របពេលដែលពួកគេកំពុងត្រៀមជួបក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងវគ្គ១៦ក្រុម ក្នុង Euro ឆ្នាំ២០២០ ក្នុងទីក្រុង Amsterdam នៅថ្ងៃសៅរ៍ ការមានប្រៀបនានាគួរតែធ្លាក់ទៅលើគូប្រកួតរបស់ពួកគេ។
ដាណឺម៉ាក បានឈ្នះកៅអីទៅកាន់វគ្គនេះ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូលរបស់ពួកគេ បើទោះបីជួបការរំជួលចិត្តដោយសារតែបញ្ហាគាំងបេះដូងរបស់តារាឆ្នើម Christian Eriksen អំឡុងពេលនៃការប្រកួតបើកឆាក ជាមួយនឹងហ្វាំងឡង់ក្នុងទីក្រុង Copenhagen ក៏ដោយ។ ក្រោយពីទិដ្ឋភាពនៃការធ្វើចលនាដង្ហើមនៅលើទីលាន ក្រុមរបស់លោក Kasper Hjulmand បានរងបរាជ័យ ១-០ ហើយបន្ទាប់មក ចាញ់បែលហ្ស៊ិក ២-១ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះលើក្រុមរុស្ស៊ី ៤-១ គ្រប់គ្រាន់សម្រាប់ពួកគេក្នុងការទៅវគ្គបន្ត។
ដោយឡែក ក្រុមជម្រើសជាតិវេលស៍ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន៤ពិន្ទុ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមស្វ៊ីស នៅថ្ងៃបើកឆាក មុននឹងយកឈ្នះលើក្រុមតួកគី ២-០ ប៉ុន្តែ ចាញ់ក្រុមជម្រើសជាតិអ៊ីតាលី ១-០ ក្នុងការប្រកួតចុងក្រោយ។ នៅពេលដែលក្រុមទាំង២ បានជួបគ្នា២លើក ក្នុងការប្រកួតពាន National League កាលពីចុងឆ្នាំ២០១៨ ក្រុមជម្រើសជាតិដាណឺម៉ាក បានឈ្នះទាំង២លើក ក្នុងនោះរាប់បញ្ចូលទាំងការយកឈ្នះ ២-០ លើទឹកដីខ្លួនឯងផងដែរ ដោយ Eriksen បានស៊ុតបាល់បញ្ចូលទី២គ្រាប់៕
ប្រភពព័ត៌មាន៖ Channel News Asia