បរទេស៖ ក្លិប​បិសាចក្រហម Manchester United បាន​យល់​ព្រម​ទិញ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស Jadon Sancho ពីក្លិប Borussia Dortmund ក្នុងការ​ផ្ទេរ​មួយ​ដែល​មាន​តម្លៃ​ខ្លួន​៧២,៩​លាន​ផោន (ស្មើនឹង​១០០​លាន​ដុល្លារ​អាមេរិក)​។

នេះ​បើហោង​ទៅ​តាម​ប្រភព​ព័ត៌មាន​នានា កាលពីថ្ងៃ​ពុធ​។ Man United ពិត​ជា​ស្រេក​ឃ្លាន​ក្នុងការ​​នាំយក Sancho ទៅកាន់កីឡដ្ឋាន Old Trafford បើ​គិត​ចាប់​តាំងពីឆ្នាំ​មុន ហើយ​ទី​បំផុត ពួក​គេ​ទទួល​បាន​កីឡាករ​ដែល​ស្ថិត​ក្នុ​គោល​ដៅ​របស់​ពួក​គេ​។ ក្រោយពី​​មិន​បាន​បំពេញ​តាម​តម្លៃខ្លួន​ដែល​ស្នើ​សុំ​​ចំនួន​១០០លានផោន ពី​ក្លិប Dortmund កាលពី​ឆ្នាំ​មុន ក្លិប​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ បាន​ស្ថិត​ក្នុង​ការ​ចរចា​នានា បើ​គិត​ចាប់​តាំង​ពី​បញ្ចប់​រដូវ​កាល​មក​ម្ល៉េះ ដើម្បី​ព្យាយាម​​​ធ្វើ​ឲ្យ​ការ​ផ្ទេរកើត​ឡើង​។

សំណើ​ទី​១​របស់ Man United ក្នុង​តម្លៃ​ខ្លួន​៦៧លានផោន ត្រូវ​បាន​ច្រាន​ចោល ប៉ុន្តែ ពួក​គេ​បានបង្កើន​ការ​ដេញ​ថ្លៃ ដែលគ្រប់​គ្រាន់​ក្នុងការ​​ធ្វើ​ឲ្យ​ Dortmund យល់​ព្រម​លក់ បើ​ទោះ​បីតិច​ជាង​តម្លៃ​ខ្លួន​ដែលពួកគេ​ចង់​បាន​កាលពី​១២​ខែ​មុន ដោយ​សារ​តែ​ការ​ធ្លាក់សេដ្ឋ​កិច្ច​ដោយ​សារ​តែ​វីរុស​កូវីដ ១៩ក ក៏ដោយ​។ Sancho ត្រូវ​បាន​គេ​ជឿជាក់​ថា ទទួល​បាន​ភ្លើង​ខៀវ​រួច​រាល់​ហើយ​ក្នុងការ​ពិភាក្សា​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន ជាមួយនឹង Man United​​​។ រូប​គេ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​រយៈពេល​៥​ឆ្នាំ នៅពេល​ដែល​រូប​គេ​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព​រួចរាល់​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia