បរទេស៖ ស្មារតីរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន នឹងជួយឲ្យពួកគេ «ស៊ូស្លាប់នៅលើទីលានប្រកួត» នៅមុនពេលពួកគេធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុមខ្លាំង អង់គ្លេស ក្នុងការប្រកួតព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ ក្នុងទីក្រុងរ៉ូម។ នេះបើយោងទៅតាមការបញ្ជាក់របស់កីឡាការិនីវាយកូនបាល់អ៊ុយក្រែន Elina Svitolina។
ក្រុមជម្រើសជាតិអ៊ុយក្រែន បានឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ តាមរយៈការផ្តួលក្រុមជម្រើសជាតិស៊ុយអែត ក្នុងលទ្ធផល ២-១ នៅនាទីបន្ថែម១៥នាទី២ដង កាលពីថ្ងៃអង្គារ។ ការសម្រេចបាននូវសមិទ្ធផលរបស់ពួកគេ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Andriy Shevchenko ពិតជាគួរឲ្យកត់សម្គាល់ ព្រោះពួកគេបានរងបរាជ័យ២ប្រកួតក្នុងចំណោមការប្រកួត៣លើកក្នុងពូលរបស់ពួកគេ។
ក្រោយពីបានឈានទៅប្រកួតជុំទី២នៃព្រឹត្តិការណ៍ពាន Wimbledon តាមរយៈការផ្តួលកីឡាការិនីបែលហ្ស៊ិក Van Uytvanck ក្នុងលទ្ធផល ៦-៣ ២-៦ និង៦-៣ Svittolina បានឲ្យដឹងថា៖ «ពិតណាស់ យើងគ្មានអ្វីត្រូវចាញ់ឡើយ។ យើងបានប្រឹងអស់ពីសមត្ថភាពរួចជាស្រេច ក្នុងការផ្តួលស៊ុយអែត ហើយយើងដណ្តើមយកឱកាសរបស់យើង។ ហេតុនេះ យើងត្រូវតែដើរទៅប្រកួតលើទីលាន និងបង្ហាញពីសមត្ថភាពដ៏ខ្លាំងបំផុតរបស់យើង។ យើងត្រូវតែធ្វើឲ្យបាន ពីព្រោះយើងជាក្រុមអ៊ុយក្រែន»។ កីឡាការិនីរូបនេះបានបន្ថែមទៀតថា៖ «អ្នកដឹងទេ យើងមិនបោះបង់ឡើយ យើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ យើងនឹងស្លាប់លើទីលាន និងប្រឹងឲ្យអស់ពីសមត្ថភាព»៕
ប្រភពព័ត៌មាន៖ AFP