បរទេស៖ ក្រោយពីជួបភាពត្រដាបត្រដួសនៅដើមយុទ្ធនាការ Euro ឆ្នាំ២០២០ របស់ពួកគេ ក្រុមឡើងទម្រង់លេង អេស្ប៉ាញ ត្រៀមខ្លួនរួចរាល់ក្នុងការដណ្តើមឲ្យបានជ័យជម្នះជាបន្តបន្ទាប់ដូចក្រុមមុនៗ បើទោះបីគូប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយរបស់ពួកគេគឺ ស្វ៊ីស ជាគូប្រកួតដែលពួកគេមិនចង់ជួបក៏ដោយ។
ក្រុមជម្រើសជាតិអេស្ប៉ាញ ទទួលជ័យជម្នះក្នុងវគ្គចាញ់ធ្លាក់ជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីបានលើកពាន Euro ឆ្នាំ២០១២ ក្រោយពីបានផ្តួលក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងលទ្ធផល ៥-៣ ដើម្បីក្លាយជាក្រុមរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំយុទ្ធនាការនេះ តាមរយៈរកបាន១១គ្រាប់ ក្រោយពីបានស៊ុតបាល់បញ្ចូលទីត្រឹមតែ១គ្រាប់ ក្នុងការប្រកួត២លើកដំបូងរបស់ពួកគេ។ អ្នកគាំទ្ររបស់អេស្ប៉ាញ កំពុងតែមានអារម្មណ៍ជឿជាក់លើក្រុមខ្លួន ក្រោយពីក្រុមជម្រើសជាតិស្វ៊ីស បានទម្លាក់ក្រុមម្ចាស់ជើងឯកពិភពលោក បារាំង បន្ទាប់ពីបានវាយបកដេញតាមពីក្រោយ ៣-១ ដើម្បីដណ្តើមបានលទ្ធផលស្មើ ៣-៣ និងទទួលជ័យជម្នះក្នុងការស៊ុតបាល់ប៉េណាល់ទី។
ប៉ុន្តែ ទោះបីស្វ៊ីស មិនមានតារាឆ្នើមៗដូចក្រុមបារាំង ដែលមាន ntoine Griezmann, Karim Benzema ឬ Kylian Mbappe ក៏ដោយ ប៉ុន្តែ អេស្ប៉ាញ ត្រូវតែត្រៀមសម្រាប់ការប្រកួតដ៏ស្វិតស្វាញ និងការចំណាយពេលយូរក្នុងការទម្លុះតំបន់ការពារដ៏រឹងមាំរបស់ក្រុមលោក Vladimir Petkovic ក្នុងការប្រកួតនៅថ្ងៃសុក្រ ក្នុងទីក្រុង St Petersburg។ ស្វ៊ីស មិនមែនជាក្រុមមានតំបន់ការពារដ៏រឹងមាំបំផុតឡើយ ក្រោយពីបានរបូតគ្រាប់បាល់ដល់ទៅ៨គ្រាប់ ក្នុងចំណោមការប្រកួត៤លើក ប៉ុន្តែ លោក Petkovic ដែលបានប្រើប្រាស់រូបមន្ត ៣-៤-១-២ អាចនឹងប្តូរទៅប្រើប្រាស់រូបមន្តដែលផ្តោតលើតំបន់ការពារវិញ ពេលប៉ះអេស្ប៉ាញ៕
ប្រភពព័ត៌មាន៖ Channel News Asia