បរទេស៖ ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ដា​ណឺម៉ាក កំពុង​តែ​សុបិនក្នុងការ​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ទៅនឹងក្រុម ដែល​បាន​ឈ្នះពាន Euro ក្នុងឆ្នាំ​១៩៩២ ប៉ុន្តែ​ ក្រុម​ដែលកំពុង​តែ​ឈរ​បាំងផ្លូវ​របស់​ពួកគេ​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នាព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍នេះ គឺ​សា​ធារណរដ្ឋ​ឆែក ដែល​ធ្លាប់​ទម្លាក់​ពួក​គេ​កាលពី​មុន​។

ដា​ណឺ​ម៉ាក បាន​ស្ថិតក្នុង​គ្រោះថ្នាក់​នៃការ​ធ្លាក់​ចេញត្រឹម​វគ្គ​ចែកពូល ក្រោយពី​បាន​រង​បរា​ជ័យក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ហ្វាំង​ឡង់ និង​បែលហ្ស៊ិក ខណៈ​ដែល​ការ​ប្រកួត​បើកឆាក​របស់​ពួក​គេ ត្រូវ​បាន​រំខាន​ដោយ​សារ​តែ​តារាឆ្នើម Christian Eriksen បាន​ជួប​បញ្ហាគាំងបេះដូង និង​ដួល​នៅលើ​ទីលាន​។ ប៉ុន្តែ ពួក​គេ​បាន​​បង្កើត​ភាព​រំភើប​រីក​រាយ​ឡើង​វិញនៅទីក្រុង Copenhagen តាមរយៈការ​ផ្តួលក្រុម​ជម្រើស​ជាតិរុស្ស៊ី យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៤-១ ដើម្បី​បញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​២ ក្នុងពូល B មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Amsterdam ដើម្បី​ផ្តួល​ក្រុម​ជម្រើស​ជាតិ​វេលស៍ ក្នុងលទ្ធផល ៤-០ ក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ​។

ដា​ណឺម៉ាក មិនធ្លាប់​បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​យុទ្ធនា​ការ​ធំ​មួយ​សោះ បើគិត​ចាប់​តាំងពីបាន​លើកពាន Euro កាលពី​២៩​ឆ្នាំមុន ដែល​នៅពេលនោះ ពួក​គេ​​មិន​បាន​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​ឡើយ ប៉ុន្តែ បាន​ចូល​ជំនួស​ក្រុម​យូហ្គោ​ស្លា​វី​។ នៅមុន​ពេល​ការ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​ជាមួយនឹងក្រុម​ឆែក នៅទីក្រុង​ Baku នៅ​ថ្ងៃសៅរ៍ លោក Kasper Hjulmand គ្រូបង្វឹកក្រុម​ដាណឺម៉ាក បាន​ឲ្យដឹងថា៖«នេះ​ជា​ឱកាស​ដែលយើង​អាចមិន​មាន​ម្តង​ទៀត​ឡើយ​។ យើង​ចង់​ឆក់​ឱកាស​នេះ​ឲ្យបាន​»​៕

 

ប្រភពព័ត៌មាន៖ Channel News Asia