បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានលត់ក្រុមជម្រើសជាតិអ៊ុយក្រែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ក្នុងទីក្រុងរ៉ូម កាលពីថ្ងៃសៅរ៍ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក ដែលបានបន្តភាពខ្លាំងរបស់ខ្លួន តាមរយៈការផ្តួលក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ២-១ ក្នុងវគ្គ៨ក្រុមចុងក្រោយ។
ខ្សែប្រយុទ្ធ Harry Kane បានស៊ុតបាល់បញ្ចូលទី២គ្រាប់ សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស នាកីឡដ្ឋាន Stadio Olympia ស្របពេលដែល Harry Maguire និង Jordan Henderson ក៏បានតែតបាល់បំប៉ោងសំណាញ់ទីផងដែរ ស្របពេលដែលក្រុមរបស់លោក Southgate បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងយុទ្ធនាការធំមួយជាលើកទី២ជាប់ៗគ្នា។
បច្ចុប្បន្ន ពួកគេបោះជំហានកាន់តែកៀកឆ្ពោះទៅកាន់ការឈ្នះពានអន្តរជាតិជាលើកទី១ បើគិតចាប់តាំងពីបានឈ្នះពាន World Cup ក្នុងឆ្នាំ១៩៦៦ ហើយស្របពេលដែលនៅសល់ការប្រកួតត្រឹមតែ២លើកទៀតដែលនឹងត្រូវរៀបចំឡើងនៅកីឡដ្ឋាន Wembley ប៉ុណ្ណោះ ពួកគេកំពុងតែមានក្តីសង្ឃឹមខ្ពស់ក្នុងការលើកពាន។
ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល ២-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលជាជ័យជម្នះដ៏ធំបំផុតរបស់ពួកគេក្នុងវគ្គចាញ់ធ្លាក់ លោក Southgate បានឲ្យដឹងថា៖ «យើងមិនបានបោះជំហានថយក្រោយឡើយ។ យើងពិតជាចង់ដណ្តើមយកឱកាសនេះ។ ខ្ញុំបានគិតថា កីឡាករពិតជាលេងបានល្អ និងមុតស្រួចក្នុងការប្រកួតទាំងមូល»៕
ប្រភពព័ត៌មាន៖ Channel News Asia