តាមរយៈការបើកឱ្យដំណើរការប្រកួតជាថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១នេះ ខ្សែប្រយុទ្ធរបស់ក្លិបអាស៊ីអឺរ៉ុប Abee Ndjoo Hurber និងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សុទ្ធតែបានបង្កើតការភ្ញាក់ផ្អើល ដោយពួកគេរកបាន៣គ្រាប់(ហែតទ្រីក)តែម្នាក់ឯងដូចគ្នា។
យ៉ាងណាក៏ដោយ ការរកបាន៣គ្រាប់របស់ខ្សែប្រយុទ្ធពាក់លេខ៩ Abee ដើម្បីជួយឱ្យក្រុមអាស៊ីអឺរ៉ុប យកឈ្នះលើក្រុមម្ចាស់ផ្ទះអគ្គិសនី ៤-០ មានតម្លៃ និងមានសារៈសំខាន់ខ្លាំងជាង ការរកបាន៣គ្រាប់របស់ម្ចាស់អាវលេខ១១ ចាន់ វឌ្ឍនាកា បើទោះបីជា ចាន់ វឌ្ឍនាកា ជាអ្នកស៊ុតបញ្ចូលទីចំនួន៣គ្រាប់តែម្នាក់ឯង ក្នុងជ័យជម្នះរបស់ក្រុមបឹងកេត ៣-១ លើក្រុមម្ចាស់ផ្ទះ ខេត្តព្រៃវែង ក៏ដោយ។
ការប្រៀបធៀបទៅលើតម្លៃគ្រាប់បាល់របស់ខ្សែប្រយុទ្ធទាំង២នេះ គឺផ្នែកទៅលើការវាយតម្លៃរបស់គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពជា (CNCC) ទៅលើគុណភាពលេងរបស់កីឡាករមួយៗ ដែលបានប្រកួត កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ។
តាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញការរបស់ CNCC ទៅលើគុណភាព សកម្មភាពលេង និងផ្នែកមួយចំនួនទៀតរបស់កីឡាករ នៅលើទីលាននោះ គឺ ខ្សែប្រយុទ្ធរបស់ ចាន់ វឌ្ឍនាកា មិនបានជាប់ជាកីឡាករលេងល្អប្រចាំ សប្តាហ៍ទី៦ នោះ ប៉ុន្តែកីឡាករ វឿន វ៉ា របស់ក្រុមខេត្តព្រៃវែង ទៅវិញទេ ដែលបានជាប់ជាកីឡាករល្អ ប្រចាំការប្រកួតនោះ។
ផ្ទុយពីនេះខ្សែប្រយុទ្ធ Abee មិនត្រឹមតែរកបាន៣គ្រាប់តែម្នាក់ឯងនោះទេ ប៉ុន្តែក៏ទទួលបានងារជាកីឡាករលេងល្អប្រចាំការប្រកួត លើកនេះផងដែរ។ បន្ថែមលើនេះ ការរកបាន៣គ្រាប់បន្ថែមនេះ បានជួយឱ្យ Abee ក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ច្រើនជាងគេ ជាបណ្តោះអាសន្នផងដែរ ដោយពេលនេះ Abee រកបានគ្រាប់បាល់សរុបចំនួន៨គ្រាប់ គឺវ៉ាផុតខ្សែប្រយុទ្ធអេស្ប៉ាញ Mika របស់ព្រះខ័នរាជស្វាយរៀង ដែលរកបានគ្រាប់បាល់សរុបចំនួន៧គ្រាប់៕