បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​​ទី​ក្នុងលទ្ធ​ផល ៤-២ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ក្នុង​ការ​ប្រកួត​ដ៏​រំភើប​នា​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នាកីឡដ្ឋាន Wembley កាល​ពីថ្ងៃ​អង្គារ ខណៈ​ដែល Jorginho បាន​ស៊ុត​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី ដើម្បី​​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។

អ៊ីតាលី មិន​បាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏ល្អបំផុត​របស់​ខ្លួន​ឡើយ ខណៈ​ដែល​អេ​ស្ប៉ាញ បាន​បង្ហាញពី​កម្រិតលេងល្អ​ប្រសើរ​ជាង នៅ​ក្នុងការ​ប្រកួតនេះ នៅ​មុន​ពេល Federico Chiesa ដែល​ជា​ខ្សែ​ប្រយុទ្ធរបស់​ក្លិប Juventus បាន​ជួយ​ឲ្យ​អ៊ីតាលី រក​បាន​គ្រាប់បាល់​មុន នៅនាទី ទី​៦០ ក្នុងការ​ប្រកួត​ដែលមាន​អ្នក​គាំទ្រ​សរុប​៥៨០០០នាក់​។ ខ្សែ​​ប្រយុទ្ធ Alvaro Morata ដែលមិន​បាន​ជាប់​ក្នុង​ជម្រើស​ទាំង​១១នាក់​ដំបូង បាន​ចូល​លេងក្នុងនាម​ជា​កីឡាករ​បម្រុង​ដើម្បី​រកគ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​​រយៈពេល​១០​នាទី​ចុងក្រោយ ប៉ុន្តែ ក៏​ជា​អ្នក​ដែល​ស៊ុត​បាល់​ប៉េណាល់​ទី​មិន​ចូល​ទី​ផង​ដែរ​។

មិន​មាន​គ្រាប់បាល់​បន្ថែម​ទៀត​ឡើយ​នៅនាទីបន្ថែម​១៥នាទី​២ដង ខណៈ​ដែល​អេ​ស្ប៉ាញ បែរ​ជា​ចាញ់​ក្នុង​ការ​ស៊ុត​បាល់​​ប៉េណាល់ទី ក្រោយពី​បាន​យកឈ្នះ​លើ​​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ដូចគ្នា​នេះ កាលពី​វគ្គ​មុន​​។ អ៊ីតាលី នឹង​ត្រូវ​ប៉ះ​អង់គ្លេស ឬ​ដា​ណឺម៉ាក ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​អាទិត្យ​នេះ ហើយ​ពួកគេនឹង​សម្លឹង​រកការ​ឈ្នះពាន​ Euro ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៦៨​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia