មន្រ្តីជំនាញ​របស់គណៈកម្មាធិការជាតិរៀបចំ ការ​ប្រកួតកីឡា​អាស៊ី អាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​បានសម្តែង​ការសាទរ​ទៅ​ដល់​សហព័ន្ធ​កីឡា​មួយចំនួន ដែល​អាច​រក​ច្រក ក្នុងការ​បញ្ជូន​ក្រុម​អត្តពលិក​របស់ខ្លួន បាន​ទៅ​ហ្វឹក​ហាត់​នៅក្រៅ​ប្រទេស ដោយ​អ្នកជំនាញ​រូបនេះ បាន​លើកឡើង​ថា បើ​បណ្តែត​បណ្តោយ​ឱ្យក្រុមជម្រើសជាតិ ​ហាត់​​តាម​ប្រពន្ធ័​​អន​ឡាញ ​មិន​អាច​ធានា​បាន នូវ​​សិទ្ធិផល​ល្អ​​ទេ សម្រាប់ការ​ឆ្ពោះ​ទៅប្រកួត​ស៊ីហ្គេម ជា​ពិសេស​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ថា៖ ​«​តាម​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម ​ថោង​ ខុន​ ​បាន​ជំរុញ​ឱ្យ​​មាន​ការ​ហ្វឹក​ហាត់​ បោះ​ជំរំ​ និង​មាន​វិធាន​ការ​បិទ​ខ្ទប់ ​ក្នុង​កន្លែង​ហ្វឹក​ហាត់ ដោយ​សហ​ការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន ​ធានា​ឱ្យ​បាន​នូវ​ការ​ចម្លង​​ជំងឺ​​កូវីដ ១៩ ​ក្នុង​កំឡុង​ហ្វឹក​ហាត់ ​ដើម្បី​បង្កើន​គុណ​ផល​របស់​អត្តពលិក​យើង​ ​ព្រោះ​បើ​បណ្តែត​បណ្តោយ​ឱ្យ​ហាត់​ តាម​ប្រពន្ធ័​អន​ឡាញ ​មិន​អាច​ធានា​បាននូវ​​សិទ្ធិផល​ល្អ​នោះ​ទេ គឺ​​បាន​ត្រឹម​រក្សា​សិទ្ធិ​ផល​ចាស់​ប៉ុណ្ណោះ»​។

ការ​លើក​ឡើង​របស់លោក វ៉ាត់ ចំរើន បាន​លើក​ឡើង បន្ទាប់​ពី​លោកបាន​ចូល​រួម នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់​គណៈអចិន្រ្តៃយ៍ CAMSOC ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​អនឡាញ ក្រោម​ការ​​ដឹកនាំ​របស់លោករដ្ឋមន្រ្តី ថោន ជា​​អនុ​ប្រធាន​អចិន្ត្រៃ​យ៍​របស់ ​CAMSOC កាលពីថ្ងៃអង្គារ។

លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​ CAMSOC ​​បាន​ថ្លែង​​ក្រោយ​កិច្ច​ប្រជុំ​​ថា​៖ «​អ្វី​ដែល​សំខាន់​ ក្នុង​សេចក្តី​អនុម័ត​ព្រឹក​នេះ​ គឺ​ការប្រ​មូល​ផ្តុំធន​ធាន​អត្តពលិក ​ដែល​ក្នុង​នោះ​ ការ​ហ្វឹក​ហាត់​ទាំង​ក្នុង ​និង​ក្រៅ​ប្រទស​ ជា​កត្តា​សំខាន់​បំផុត​ ​ព្រោះ​ការ​ហាត់​ក្រៅ​ប្រទេស​ គឺ​ទទួល​ផល​ល្អ ​ហេតុ​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ប្រ​ទេស​ចិន ​មាន​កិច្ច​ព្រម​ព្រៀង​ពិសេស​ ក្នុងការ​ត្រៀម​បញ្ជូន​កីឡា​ ១២ ​ប្រ​ភេទ ​​មាន​គ្នា​​១៣៥ ​នាក់ ​ទៅ​ហ្វឹក​ហាត់​ ហើយ​​ភា​គី​ចិន ​កំពុង​ពិចារណា​គិត​គូ ​ពី​កន្លែង​ហ្វឹក​ហាត់​ កន្លែង​ហូប ​និង​ស្នាក់​នៅ​ឱ្យ​​មាន​សុវត្ថិភាព​ ការពារ​ជំងឺ​​ឆ្លង​កូវីដ ១៩»​។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បាន​សាទរ ​ចំពោះ​សហព័ន្ធ​កីឡាជាតិ​មួយ​ចំនួន ដូច​ជា​ប្រដាល់​សកល​ គុនដាវ​ ​ប្រណាំង​កង់​ ប្រណាំង​សេះ​ និងការ៉ាតេ​ ​ជា​ដើម​ មាន​លទ្ធភាព​រក​បាន​ដៃ​គូ ​ជួយ​ឧបត្ថម្ភ​តាម​ខ្សែ​បណ្តោយ​ ក្នុងការ​បញ្ជូន​ក្រុម​អត្តពលិក​របស់ខ្លួន បាន​ទៅ​ហ្វឹក​ហាត់នៅ​ក្រៅ​ប្រទេស ​ក្រៅ​ពី​គម្រោងហ្វឹក​ហាត់ ​នៅ​ប្រទេស​ប្រទេស​ចិន។

​បន្ថែម​លើនេះ ​CAMSOC ក៏​បាន​អបអរ​សាទរ​វត្ត​មាន​ក្រុម​អត្តពលិក​កូន​ខ្មែរ ​នៅ​ក្រៅ​ប្រ​ទេស ​ដែល​សរុប​ជាង​ ៣០ ​នាក់ ​កំពុង​ស្ម័គ្រ​ចិត្ត​ហ្វឹក​ហាត់​ ដោយ​ខ្លួន​ឯង​ ក្រោម​ការ​លើក​ទឹក​ចិត្ត និង​​ត្រួត​ពិនិត្យ​ពី​គ្រូ​បង្វឹក​​របស់​សហព័ន្ធ​ ព្រម​ទាំង​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​និង​​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា ​ដើម្បី​ឱ្យ​​ពួក​គាត់​សម្រួច​ជំនាញ​ឱ្យ​ល្អ​។​

លោក​ វ៉ាត់ ​ចំរើន បាន​​បញ្ជាក់​​ថា​៖ «​គោល​ដៅ​របស់​យើង ​គឺ​បាញ់​ឆ្ពោះ​ទៅ​លើ​កីឡា​ជំនាញ​កម្រិត​ខ្ពស់ ​ដើម្បី​គោរព​បទ​បញ្ញត្តិ ​ដែល​រួម​គ្នា​ដោះ​ស្រាយ​ លើ​កត្តា​ប្រឈម​។ ​​ចំ​ពោះ​ការ​ហ្វឹក​ហាត់​ យើង​​ចាប់​ផ្តើម​ជំរុញ​​ឱ្យ​​បាន​ខ្លាំង​ក្លា ​ចាប់​ពី​ឆមាស​ទី ២​ ឆ្នាំ​ ២០២១ ​នេះ​ទៅ»​៕