លោកឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ ទៀ បាញ់ ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​​ជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានជំរុញ​​ឱ្យ​​គ្រប់​ភាគីពាក់ព័ន្ធ ត្រូវតែខំប្រឹង​បំពេញការងារ​ឱ្យបានពេញ​លេង ទៅតាមជំនាញ និងតួនាទី​របស់ខ្លួន ហើយមិន​ត្រូវ​ផ្តេកផ្តួល ឬដាក់កំហុស​ តែ​ទៅ​លើបញ្ហាជំងឺ​កូវីដ​១៩ នាំ​ឱ្យបាត់​បង់​​ម្ចាស់​ការ ក្នុង​​ការ​ឈាន​ទៅធ្វើជា​ម្ចាស់​ផ្ទះស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២២ នោះ​ទេ។

​ លោក ទៀ បាញ់ បានទទួលស្គាល់​ថា ការ​រីកដាល​នៃជំងឺ​កូវីដ​១៩ ពិតជា​​បានរំខាន​ និង​ពន្យឺត​​ទៅ​ដល់​ផែនការ​​​សកម្ម​ភាព ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ ពិត​មែន ប៉ុន្តែលោក​បានជំរុញ​ទៅ​គ្រប់​ផ្នែក ត្រូវ​រួម​គ្នា​​ពុះពារ គឺ​មិន​ត្រូវ​ផ្តេក​ផ្តួល​​​នោះឡើយ។ «ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ និងការបំប្លែង​ថ្មី​នៃវីរុស​អូមីក្រុង នៅតែស្ថិតក្នុង​ភាព​មិន​ច្បាស់​លាស់ ដែល​​បាន​រំខាន​ និង​ពន្យឺត​​​ផែន​ការ​​សកម្ម​ភាព ក្នុង​ដំណាក់​កាល​ប្រតិ​បត្តិ​ការណ៍​ស៊ីហ្គេម ដូចជា​ការហ្វឹកហ្វឺន ការប្រកួត សុទ្ធតែ​ជួបឧបសគ្គ ជាពិសេស​គុណផល​​កីឡា»។

ប្រធាន CAMSOC រូប​នេះ បានបបន្ថែម​ថា៖ «ចំណែក​​ទី​លានប្រមូល​ផ្តុំហ្វឹកហាត់ ឧបករណ៍ និង​សម្ភារហ្វឹកហាត់ នៅមានកម្រិត ឯ​ទីលាន​ប្រកួត​​របស់​កីឡា​មួយចំនួន មិន​ទាន់​ស្រប​តាម​ស្តង់ដារ ដែល​ធ្វើ​ឱ្យជួបប្រទះការលំបាក​ក្នុងការ​បង្វឹក ហើយ​ការ​ហ្វឹកហ្វឺន នៅមាន​កម្រិត​ ដោយការ​បញ្ជូន​ក្រុម​អត្តពលិកទៅហ្វឹកហាត់ នៅ​ក្រៅ​​ប្រទេស មិន​ទាន់​បាន​ធ្វើ​តាម​ផែនការ»។​

តែទោះ​យ៉ាងណា លោក ទៀ បាញ់ បាន​បញ្ជាក់​​ថា៖​ «ទាំង​អស់នេះ សុទ្ធតែ​បាន​ជះឥទ្ធិពល​​ដល់​គុណ​ផល​កីឡា តម្រូវ​ឱ្យយើង រួមគ្នាដោះស្រាយ តាម​គោល​ការណ៍ណែ​នាំ​របស់រាជរដ្ឋាភិបាល និង​គោលការណ៍​​ជំនាញ​បច្ចេកទេស​កីឡា ដោយ​យើង​មិនត្រូវផ្តេកផ្តួល​ ឬ​ដាក់កំហុស​ តែ​លើ​បញ្ហា​ជំងឺ​​កូវីដ​​១៩ ហើយបាត់បង់​ម្ចាស់ការ ក្នុងការ​ទទួលខុស​ត្រូវ ​លើ​ការ​​ងាររបស់ CAMSOC នោះ​ឡើយ»។

ការ​ថ្លែង​បែប​នេះ របស់​លោក ទៀ បាញ់ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុ​ង​សន្និបាត​បូក​សរុប​វឌ្ឍនភាព​ការងារ ឆ្នាំ​២០២១ លើក​ទិសដៅ​បន្ត ឆ្នាំ​២០២២-​២០២៣ និងសិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​អភិបាលកិច្ច​ល្អ នៃ​ការ​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម-អាស៊ានប៉ារាហ្គេម ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​​សុខាភ្នំពេញ កាលពី​ថ្ងៃ​ពុធ ហើយ​ក៏ជា​ពេល​ដែល​លោក​ទាមទារ​ឱ្យ​គ្រប់​ភាគី ត្រូវតែ​ហ៊ាន​ទទួល​ខុសត្រូវ ចំពោះ​តួនាទីរបស់ខ្លួន ក្នុងការ​ឆ្ពោះ​ទៅស៊ីហ្គេម ឆ្នាំ​​២០២៣​ ផង​ដែរ។

លោក​បានសង្កត់ធ្ងន់​ថា៖ ​«សន្និបាត និងសិក្ខាសាលា នៅ​ថ្ងៃនេះ គ្រប់​ភាគី​ពាក់​ព័ន្ធ​ នឹង​​ស្វែង​រក​គន្លឹះ​ការងារ​សំខាន់ៗ​បន្ថែម​ទៀត ដែល​ជា​ធាតុចូល​ដ៏​មាន​សារ​សំខាន់ និង​​ផ្ដល់​​នូវ​ប្រសិទ្ធ​ភាព​ការងារ​គ្រប់​ជ្រុង​ជ្រោយ​ របស់​គណៈ​កម្មាធិការ​ជាតិ CAMSOC។ ដូច្នេះ​ទិស​ដៅ ឆ្នាំ​២០២២ ជា​ឆ្នាំ​ប្រតិបត្តិការ​រៀបចំ​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម​របស់​យើង ដែល​​ទាម​ទារ​​ឱ្យ​​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​មាន​ភាព​ប្រាកដ​និយម ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​មុខ CAMSOC ចំពោះ​មុខ​រាជ​រដ្ឋាភិ​បាល និង​ចំពោះ​មុខ​សហព័ន្ធ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍»៕