គណៈកម្មាធិការជាតិរៀបចំ​ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​​ធ្វើសន្និបាត​បូកសរុបវឌ្ឍនភាព​ការងារ ឆ្នាំ​២០២១ លើក​ទិសដៅ​បន្ត ឆ្នាំ​២០២២-២០២៣ និងសិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ «អភិបាលកិច្ច​ល្អ» នៃ​ការ​គ្រប់គ្រង​ព្រឹត្តិការណ៍​​កីឡាស៊ីហ្គេម-អាស៊ានប៉ារាហ្គេម ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ រ៉េស៊ីដង់​សុខា​ភ្នំពេញ នាព្រឹក​ថ្ងៃ​ពុធនេះ នឹងគ្រោងបញ្ចប់ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​ស្អែកនេះ។

ក្រោមការ​ដឹកនាំ​ផ្ទាល់​ដោយ​លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ ទៀ បាញ់ ជា​ប្រធាន CAMSOC និងលោក​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ ថោង ខុន ជា​អនុប្រធាន​អចិន្ត្រៃយ៍ គឺ​អង្គសន្និបាត ​នឹង​លើក​យក​នៅរាល់​បញ្ហា​ប្រឈម​ទាំងអស់ មក​ពិភាក្សា និង​ដោះស្រាយ។

លោត វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់​​ថា៖​ «សន្និបាត​នេះ សំខាន់ទី​១ យើងត្រូវ​វាយ​តម្លៃ​ពីចំណុច​ខ្លាំង ចំណុច​ខ្សោយ​របស់ការងារ​កន្លងមក និងធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​​ទាំង​​ឡាយ ដែលបាន​កើតឡើង​កាលពីឆ្នាំ​មុន និង​បញ្ហាប្រឈម ក្នុង​ការ​ឆ្ពោះ​ទៅ​ធ្វើម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ​​២០២៣ អ៊ីចឹងដើម្បីឱ្យសន្និបាតរបស់យើង សម្រេច​បាន​នៅ​ចំណុច ដែល​​យើង​​​ចង់​​បាន​នេះ យើងត្រូវ​មានយន្តការ​ច្បាស់លាស់ ហេតុនេះ​ហើយ​ទើប​សន្និបាត​​នេះ ភ្ជាក់​ទៅនឹង​ចំណុចសំខាន់​មួយ គឺ​អភិបាលកិច្ច​ល្អ នៃ​ការ​គ្រប់គ្រង ដឹកនាំ​ព្រឹត្តិការណ៍»។

ជាមួយគ្នា​នេះ លោក វ៉ាត់ ចំរើន បាន​ចាត់ទុក «អភិបាលកិច្ច​ល្អ» ជា​ចំណុច​សំខាន់បំផុត ព្រោះការ​បំពេញការងារ មាន​គុណ​ភាព ឬ​គ្មាន​គុណភាព គឺ​អាស្រ័យ​ទៅលើ​អភិបាលកិច្ច​ល្អ​នេះហើយ។

លោក ​បានបញ្ជាក់​​ថា៖ «បើសិនជា​ចំណុច​ប្រឈម​ទាំងអស់ ត្រូវ​បាន​ដោះ​ស្រាយ​ក៏ដោយ ប៉ុន្តែ​​បើ​យន្តការ​ដឹកនាំ​ គ្រប់​គ្រង និង​យន្តការ​ធ្វើការងារ​ មិនមាន​ភាព​ជា​អ្នក​ដឹកនាំ ឬ​មាន​អភិបាល​កិច្ចល្អ នៅ​ក្នុងការ​ងារ​ទេនោះ​ វា​នឹងមិនអាច​​ធ្វើ​ឱ្យ​ការងារ មាន​ប្រសិទ្ធ​ភាព ឬ​មាន​គុណ​ភាពខ្ពស់​នោះទេ ព្រោះ​អភិបាលកិច្ច​ល្អនេះ មាន​ន័យថា ការងារទាំងអស់ ត្រូវមាន​តម្លា​ភាព សុចរឹត​​ភាព គណនេយ្យ​ភាព និង​ស័ក្តិសិទ្ធិ​ភាពនៃការងារ អ៊ីចឹងបើ​យើង​ប្រើ​ប្រាស់​យន្ត​ការ​​នេះ យើងត្រូវ​មានវិន័យ»។

ជាមួយគ្នា​នេះ របាយការណ៍ និងបទបង្ហាញ​សំខាន់ៗជា​ច្រើន ដូចជា​របាយការណ៍​បូក​សរុប​​វឌ្ឍនភាព​​ការងារ ឆ្នាំ​២០២១ លើក​ទិសដៅ​បន្ត ឆ្នាំ​២០២២-២០២៣, បទ​អន្តរាគមន៍​ស្តីពី​​សេចក្តី​ណែនាំ​នីតិ​វិធីហិរញ្ញវត្ថុ, បទបង្ហាញ និង​របាយការណ៍​អាស៊ានប៉ារ៉ាហ្គេម, បទ​បង្ហាញ​​ស្តីពី​ទស្សនាទានព្រឹត្តិការណ៍ និងកម្មសិទ្ធិបញ្ញា, បទបង្ហាញស្តីពី វឌ្ឍនភាពបច្ចេក​ទេស និងត្រៀម​រៀបចំ​ប្រទេសកីឡា, បទបង្ហាញ​ស្តីពីគម្រោង​រៀបចំ​ទីលានបច្ចេកទេស​ប្រកួត «Oberlay» សុទ្ធ​តែ​​ត្រូវបាន​លើក​យកបង្ហាញ នៅក្នុងសន្និបាត និង​សិក្ខាសាលា​ថ្នាក់ជាតិ នៅថ្ងៃ​ពុធ​នេះ​ ដើម្បី​ឱ្យ​អង្គ​សន្និបាត ​ធ្វើ​ការពិភាក្សា ​ ពិគ្រោះ​យោបល់ រួច​ទើប​ធ្វើ​របាយការណ៍​​បូក​សរុបលទ្ធផល​រួម សម្រាប់​សន្និបាត និងសិក្ខាសាលា នៅ​ថ្ងៃ​នេះ៕