លោកឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ជា​ប្រធាន​គណៈកម្មា​ធិការ​ជាតិរៀបចំ​ការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឈាន​ដល់​ការ​សម្រេច ជាមួយ​អង្គសន្និបាត ទៅ​លើ​ផែន​ការ​អភិវឌ្ឍជំនាញ ដោយ​​ឱ្យ​សសរ​ស្តម្ភ​ទាំង៣ ត្រូវ​រួម​គ្នា​​ជំរុញ​​ការ​អភិវឌ្ឍ​សមត្ថភាព គុណ​ភាព និង​គុណ​ផល​កីឡាករកីឡាការិនី​ជម្រើស​ជាតិ ដើម្បី​ធ្វើ​ឱ្យ​​​មាន​​ភាព​​ប្រាកដ​ប្រជា ​ថា កម្ពុជា​ ពិតជា​អាច​ទទួល​បាន​ជោគ​ជ័យ ស​ម្រាប់​ការ​ធ្វើម្ចាស់​ផ្ទះ​ស៊ីហ្គេម ជា​ប្រវត្តិសាស្រ្ត នៅឆ្នាំ​២០២៣។

«ផែនការ​អភិវឌ្ឍ​ជំនាញ សូម​សសរស្ដម្ភទាំងបី រួម​មាន​ក្រសួងអប់រំ យុវជន និង​កីឡា គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​រួម​គ្នា​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព គុណ​ភាព និង​គុណ​ផល​កីឡាករ-កីឡាការិនី​ជម្រើស​ជាតិ ដោយ​ធានា​យ៉ាង​គត់​មត់​ថា កីឡាករ កីឡា​ការិនី ពិត​ជាបាន​ហ្វឹក​ហាត់​ទៀង​ទាត់​បំផុត និង​បាន​ចូល​រួម​ការ​ប្រកួត​លើ​ឆាក​អន្ដរ​ជាតិ​ញឹក​ញាប់ ដើម្បី​ទទួល​បាន​កម្រិត​បច្ចេក​ទេស​ជំនាញ និង​មាន​ឧត្តម​ភាព​បច្ចេក​ទេស​កីឡា​ពិត​ប្រាកដ»។

ប្រធាន CAMSOC លោក ទៀ បាញ់ បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី​អភិបាល​កិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាល​ពី​ថ្ងៃទី១០ ខែកុម្ភៈ ក្រោយការរៀបចំរយ:​១ថ្ងៃកន្លះ នៅសណ្ឋាគារសុខា ដែលមានថ្នាក់ដឹកនាំ អាជ្ញាធររាជធានី-ខេត្ត អង្គភាពកីឡា និងតំណាងសហព័ន្ធកីឡាជាតិ ចូលរួមប្រមាណ ៣០០​នាក់។

លោក ទៀ បាញ់ បានបន្ថែម​ថា៖​ «ករណី​នេះ យើង​ត្រូវ​ពិនិត្យ និង​ដោះ​ស្រាយ​រាល់​បញ្ហា​របស់​​កីឡាករ កីឡាការិនី គ្រូ​បង្វឹក សហ​ព័ន្ធ​កីឡា​ជាតិ ទៅ​លើ​ការ​ឧបត្ថម្ភ​គាំទ្រ ការ​លើក​ទឹក​ចិត្ត និង​​ការ​​រៀបចំ​​ឧបករណ៍ សម្ភារ​​កីឡា ទីលាន​ហ្វឹក​ហាត់ តាម​ស្ដង់ដារ​បច្ចេកទេស​កីឡា​អន្ដរ​ជាតិ និង​​វិទ្យា​សាស្ដ្រ​កីឡា​បច្ចុប្បន្ន។ រីឯ​ផ្នែក​ហិរញ្ញ​វត្ថុ និង​ផ្គត់ផ្គង់ ត្រូវ​តាម​ដាន និង​រៀបចំ​គម្រោង​ថវិកា​​ឱ្យ​បាន​ច្បាស់​លាស់ ទាន់​ពេល​វេលា និង​គ្រប់​គ្រាន់ ដើម្បី​ទ្រទ្រង់​ដល់​តម្រូវ​ការ​ចាំបាច់ ក្នុង​ការ​​អភិវឌ្ឍ​ជំនាញ​កីឡា​កម្រិត​ខ្ពស់​ខាង​លើ​នេះ»។

ជាមួយគ្នា​នេះ CAMSOC ក៏​នឹងស្នើសុំ​ទៅរាជរដ្ឋាភិ​បាល​កម្ពុជា ដើម្បី​​បង្កើនរបបអាហារ​ប្រចាំ​ថ្ងៃដល់​ក្រុមជម្រើសជាតិ ផងដែរ។ «​យើង​នឹង​ស្នើសុំរាជរដ្ឋាភិបាល ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ហ្វឹ​កហាត់​របស់កីឡាករ កីឡាការិនីជម្រើសជាតិ ដោយ​ការ​បង្កើន​របប​អាហារ​បំប៉ន​ប្រចាំ​ថ្ងៃឱ្យ​ឡើង​ដល់ ៦ម៉ឺនរៀល ក្នុងមួយថ្ងៃ សម្រាប់ម្នាក់ ដែលអាចបំពេញកាឡូរីបាន ពី ៥០០០ ទៅ ៦០០០កាឡូរី»។ នេះជា​ការបញ្ជាក់ នៅ​ក្នុងរបាយការណ៍​បូក​សរុប​ការងារ​របស់  CAMSOC ដែល​អាន​ដោយ​លោក​រដ្ឋមន្រ្តី ថោន ខុន ដែលជា​អនុប្រធាន​អចិន្ត្រៃ CAMSOC នៅ​ក្នុង​ពិធី​បិទ​សន្និបាត នោះ​ដែរ៕