គ្រូ​បង្វឹក​ក្រុម​អង្គរ​ថាយហ្គឺរ លោក Oriol Segura បាន​សម្តែង​ការ​រំភើប​ខ្លាំង និងបាន​ចាត់ទុកការ​យក​ឈ្នះ​លើ​ក្រុមម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយរៀង កាលពី​យប់​ថ្ងៃអង្គារ​ម្សិលមិញ ថា ជា​​ឱកាស​ដ៏​អស្ចារ្យ សម្រាប់ក្រុម​ទាំង​មូល ប៉ុន្តែ​លោក​បានជំរុញ​ឱ្យក្រុមមាន​មូល​ដ្ឋាន ​នៅ​ខេត្តសៀម​រាប​មួយនេះ បង្កើន​ការ​ខំ​ប្រឹង​ថែម​ទៀត។

លោក Oriol Segura ​បាន​និយាយ​ក្រោយការ​ប្រកួត​នេះ៖ ​«វា​ គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ​ សម្រាប់​យើង​ ដែល​ទទួល​បាន ៣ ពិន្ទុ​ត្រឡប់​ទៅ​កាន់​ខេត្ត​សៀមរាប​វិញ និង​ជា​ការ​បង្ហាញ​ពី​ភាព​ស្វិត​ស្វាញ និងភាព​ខ្លាំង​ក្លា​ផ្នែក​ស្មារតី​របស់​ក្រុម​ទាំង​មូល ​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង។ ខ្ញុំ​ពិតជា​​​​រីករាយ​យ៉ាង​ខ្លាំង ​ជាមួយ​អ្នក​គ្រប់គ្នា​ ដែល​ជា​គ្រួសារ​អង្គរ​ថាយហ្គឺរ»។

យ៉ាង​ណា​ក៏ដោយ គ្រូ​បង្គោលក្រុមអង្គរថាយហ្គឺរ​រូប​នេះ បានជំរុញ​កូនក្រុម​របស់​លោកបន្ត​ខំ​ប្រឹង​បន្ថែម​ទៀត ដើម្បីរួមគ្នា​ទទួល​ខុស​ត្រូវ សម្រាប់ការ​ប្រកួត​ជា​បន្ត​ទៀត​ ក៏ព្រោះតែ ក្រុមអង្គរ​ថាយហ្គឺរ មារឿងជា​ច្រើន​ទៀត ដែល​ត្រូវ​ធ្វើ។

គ្រូ​បង្គោល​របស់​ក្រុមអង្គរថាយហ្គឺរ​ រូបនេះ បាន​បញ្ជាក់​​ថា៖ ​«យើង​​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ និង​បន្ត​ធ្វើ​ការងារ​ឱ្យ​បាន​ល្អ ​នៅ​ប្រកួត​បន្ទាប់ ព្រោះ​ពួក​យើង​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ ដែល​យើង​ត្រូវ​ធ្វើ។ យើង​នឹង​ធ្វើ​ឱ្យគ្រប់គ្នា​មាន​មោទនភាព ​ចំពោះ​ក្លិប​នេះ ហើយ​ពួក​យើង​ ពិត​ជា​រីករាយ​ នឹង​ការ​គាំទ្រ​​ពី​សំណាក់​អ្នក​គាំទ្រ​ទាំង​អស់។ យើង​បន្ត​ឆ្ពោះ​ទៅ​មុខ និង​ខិតខំ​ឱ្យ​ល្អប្រសើរ»។

តាម​រយៈការ​ប្រកួត នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពី​យប់​ថ្ងៃអង្គារ ម្សិលមិញ​នេះ ​ខ្សែ​ប្រយុទ្ធ Lopez Mendy Robert Waly បាន​បើកការ​នាំ​មុខ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ ព្រះ​ខ័នរាជស្វាយរៀង យ៉ាង​លឿន តាម​រយៈការ​រកបានគ្រាប់បាល់​របស់គេ នៅ​ត្រឹមនាទីទី​ ៥ ប៉ុន្តែកីឡាករ តាំង ពិសី បាន​វាយ​បក​តាម​ស្មើ​ឱ្យ​ក្រុម​អង្គរ​ថាយហ្គឺរ បាន​វិញ នៅនាទីទី​១០ មុនពេល ឡុង ម៉េងហាវ បាន​បន្ថែម​គ្រាប់បាល់​ជ័យជម្នះ​ឱ្យក្រុមភ្ញៀវ នៅនាទីទី ​៧០។

​​ការ​ដណ្តើម​បាន​ ៣ ពិន្ទុពី​ក្រុម​ខ្លាំង ស្វាយរៀង នៅក្នុងការ​ប្រកួត​លើក​ទី​៦ ​នេះ បានជួយ​ឱ្យ​ក្រុម​អង្គរថាយហ្គឺរ នៅ​តែ​អាចបន្ត​ឈរ នៅ​លើកំពូលតារាង នៃ​លីគកំពូលកម្ពុជា ឆ្នាំ​២០២១ ដោយ​មាន ​១៦ ពិន្ទុ ហើយ​តាមពីក្រោយ​ដោយក្រុម ទើប​ប្រកួត​បាន ​៤ ដង ភ្នំពេញ​ក្រោន ដែលមាន​ ១២ ​ពិន្ទុ ប៉ុន្តែ​ក្រុម​ព្រះខ័នរាជស្វាយរៀង មាន​៩ពិន្ទុ ស្មើ​ជាមួយក្រុម​ឈរ​នៅលេខ​៣ វិសាខា និង​ក្រុម​ឈរ​នៅ​លេខ​៤ គិរីវង់សុខសែនជ័យ ដដែល។

ដោយ​ឡែក នៅ​​ថ្ងៃពុធនេះ ក្រុមអាស៊ីអឺរ៉ុប  នឹងត្រូវ​បើក​ទ្វារកីឡដ្ឋាន​អេអ៊ីយូស្ពតផាក​ របស់ខ្លួន ដើម្បីស្វាគមន៍​​ក្រុមការពារ​តំណែង​ជើង​ឯក កំពុងស្រេកឃ្លាន​ការ​ឈ្នះ បឹងកេត ចំណែក​ក្រុម​នគរ​បាលជាតិ ត្រូវប្រឈម​ជាមួយ​ក្រុមណាហ្គាវើលដ៍ នៅកីឡដ្ឋាន​សេវេនអេនជី ហើយ​ការ​ប្រកួត​ទាំង​២​គូនេះ ត្រូវ​ធ្វើឡើង ចាប់ពី​រសៀលម៉ោង ៣:៣០ តទៅ​ដូចគ្នា៕