បរទេស៖ Raheem Sterling បានបញ្ជាក់ថា ការប្រព្រឹត្តកំហុសលើរូបគេ ដែលនាំឲ្យក្រុមជម្រើសជាតិអង់គ្លេស រកបានគ្រាប់បាល់ឈ្នះនៅនាទីបន្ថែម១៥នាទី២ដង ដើម្បីផ្តួលក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីថ្ងៃពុធ គឺជាបាល់ប៉េណាល់ទីយ៉ាងច្បាស់។
ខ្សែប្រយុទ្ធរបស់ក្លិប Manchester City រូបនេះ បានដួលទៅលើទីលានប្រកួត ក្រោយពីការប្រព្រឹត្តកំហុសរបស់កីឡាករ Joakim Maehle បន្ទាប់ពីបានព្យាយាមអូសបាល់ចូលក្នុងតំបន់គ្រោះថ្នាក់របស់ដាណឺម៉ាក នៅនាទីបន្ថែម១៥នាទីលើកទី១។ ខ្សែប្រយុទ្ធ Harry Kane ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រនោះ ប៉ុន្តែ ត្រូវបានសង្គ្រោះដោយអ្នកចាំទី Kasper Schmeichel មុននឹងប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានស៊ុតបាល់បន្ថែមដើម្បីជួយឲ្យក្រុមខ្លួនឈានទៅប្រកួតជាមួយនឹងអ៊ីតាលី ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ តែម្តង។ Sterling បានប្រាប់ទូរទស្សន៍ ITV ថា៖ «ខ្ញុំបានបណ្តើរបាល់ចូលក្នុងប្រអប់ទី ហើយរូបគេបានទាក់ជើងស្តាំរបស់ខ្ញុំ ហើយដោយសារតែនោះជាការប៉ះជើងរបស់ខ្ញុំ ហេតុនេះ វាពិតជាបាល់ប៉េណាល់ទីមែន»។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «នេះគឺជាការបង្ហាញពីទម្រង់លេងក្នុងកម្រិតកំពូល។ យើងបានដាក់សម្ពាធយ៉ាងខ្លាំង ក្រោយពីយើងបានរបូតគ្រាប់បាល់ជាលើកដំបូងក្នុងយុទ្ធនាការនេះ។ យើងបានរៀបចំក្រុមឡើងវិញយ៉ាងល្អ និងបានបង្ហាញពីស្មារតីជាក្រុមដ៏រឹងមាំ ដើម្បីវាយបកវិញ និងឈ្នះក្នុងការប្រកួតនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia