បរទេស៖ លោក Gareth Southgate បានជំរុញឲ្យក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស «ឆ្លងឲ្យផុតឧបស័គ្គចុងក្រោយ» ខណៈដែលពួកគេសម្លឹងរកការបញ្ចប់យុទ្ធនាការ Euro ឆ្នាំ២០២០ ជាប្រវត្តិសាស្ត្ររបស់ពួកគេ តាមរយៈការដណ្តើមយកជ័យជម្នះលើក្រុមជម្រើសជាតិអ៊ីតាលី ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ។
ក្រុមជ្រើសជាតិអង់គ្លេស បានឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទីរបស់ពួកគេ ក្នុងរយៈពេល៥៥ឆ្នាំ កាលពីថ្ងៃពុធ ខណៈដែលខ្សែប្រយុទ្ធ Harry Kane ជាអ្នករកបានគ្រាប់បាល់កាត់សេចក្តីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងស្វិតស្វាញជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ២-១ នាកឡីដ្ឋាន Wembley។ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងយុទ្ធនាការធំមួយ បើគិតចាប់តាំងពីបានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ខាងលិច ក្នុងការប្រកួតពាន World Cup វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ១៩៦៦។ បន្ទាប់ពីជ័យជម្នះនេះ លោក Southgate គ្រូបង្វឹកនៃក្រុមជម្រើសជាតិអង់គ្លេស បានលើកទឹកចិត្តឲ្យកីឡាកររបស់លោកបំពេញការងាររបស់ខ្លួនឲ្យចប់សព្វគ្រប់ ដើម្បីបង្កើតប្រវត្តិសាស្ត្រជាថ្មី។
លោកបានឲ្យដឹងថា៖ «ក្រុមកីឡាករទាំងនេះ ពិតជាធ្វើបានល្អយ៉ាងអស្ចារ្យ សាមគ្គីភាព ហើយអ្នកដែលមិនស្ថិតក្នុងក្រុមនេះ ប៉ុន្តែ គាំទ្រមិត្តរួមក្រុមរបស់ពួកគេ ពួកគេពិតជាស័ក្តិសមស្គាល់រសជាតិជោគជ័យនេះ។ ពួកគេលេងបានយ៉ាងល្អ។ យើងនៅសល់១ជំហានទៀតដោយត្រូវប៉ះជាមួយនឹងក្រុមខ្លាំង ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួតជាច្រើន»៕
ប្រភពព័ត៌មាន៖ Channel News Asia