ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ក្រោយពីបានកត់ត្រាជ័យជម្នះទាំងលំបាកក្នុងលទ្ធផល ២-១ លើក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងនាទីបន្ថែម១៥នាទី២ដង នាកីឡដ្ឋាន Wembley កាលពីថ្ងៃពុធ។ ប៉ុន្តែ Cambosport នឹងនាំលោកអ្នកទៅចាប់អារម្មណ៍លើចំណុចសំខាន់៣ក្នុងការប្រកួតនេះ ក្រោយពីគ្រាប់បាល់បញ្ចូលទីរបស់ Harry Kane បានជួយឲ្យអង់គ្លេស ឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល៥៥ឆ្នាំ។
ការបង្ហាញពីកម្រិតលេងដ៏អស្ចារ្យរបស់ Sterling
Raheem Sterling បានបញ្ចប់យុទ្ធនាការ Euro របស់អង់គ្លេស ក្នុងឆ្នាំ២០១៦ ទាំងការខកចិត្ត ក្រោយពីបានបង្ហាញពីកម្រិតលេងយ៉ាងអន់ ក្នុងពេលអង់គ្លេស បានធ្លាក់ចេញទាំងអាម៉ាសក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ីស្លង់។
ប៉ុន្តែ Sterling បានបង្ហាញពីទម្រង់លេងយ៉ាងល្អឲ្យក្រុមអង់គ្លេស បើទោះបីដាណឺម៉ាក បានបង្ហាញពីការពារយ៉ាងរឹងមាំក៏ដោយ។ សូម្បីតែនៅនាទីបន្ថែម ដែលនៅពេលនោះអង់គ្លេស ប្រឈមមុខនឹងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីដ៏គ្រោះថ្នាក់ Sterling បានគ្រប់គ្រងបាល់យ៉ាងល្អ និងបានដាក់សម្ពាធជាបន្តបន្ទាប់ រហូតបង្កើតឲ្យមានការពិន័យ១១ម៉ែត្រ នៅនាទី ទី១០៤ ក្រោយពីរូបគេរងនូវការប្រព្រឹត្តកំហុសពីកីឡាករ Joakim Maehle។
Sterling ក៏បានជួយឲ្យក្រុមខ្លួនរកបានគ្រាប់បាល់តាមស្មើនៅតង់ទី១ ផងដែរ បើទោះបីនោះគឺជាការធ្វើឲ្យបាល់ចូលទីខ្លួនឯងពីក្រុមដាណឺម៉ាកផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះតាំងពីវគ្គចែកពូល ក៏ដូចជាក្នុងពេលផ្តួលអាល្លឺម៉ង់ និងអ៊ុយក្រែន ក្នុងវគ្គ១៦ក្រុម និង៨ក្រុមចុងក្រោយ តារាឆ្នើមរូបនេះ គឺជាគន្លឹះនាំឲ្យអង់គ្លេសឈ្នះ។
ការបំពេញតួនាទីយ៉ាងល្អរបស់អ្នកចាំទី Schmeichel
Schmeichel បានសង្គ្រោះបាល់ជាបន្តបន្ទាប់ពីការព្យាយាមស៊ុតរបស់ Sterling, Kane និងការតែតបាល់របស់ខ្សែការពារ Harry Maguire មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏បានសង្គ្រោះបាល់ពីការស៊ុតប៉េណាល់ទីរបស់ Kane ផងដែរ បើទោះបីខ្សែប្រយុទ្ធអង់គ្លេសរូបនេះ បានបន្ថែមបាល់ឲ្យចូលទីក៏ដោយ។
Saka តបស្នងចំពោះការជឿជាក់របស់លោ Southgate
ស្របពេលដែលអង់គ្លេស កំពុងតែព្យាយាមវាយបកតាមស្មើគ្រាប់បាល់របស់ដាណឺម៉ាក Bukayo Saka បានបង្ហាញឲ្យឃើញពីមូលហេតុដែលលោក Gareth Southgate បានដាក់ការជឿជាក់លើយុវជនរូបនេះ។ ខ្សែប្រយុទ្ធរបស់ក្លិប Arsenal រូបនេះ បានបង្ហាះពីទម្រង់លេងយ៉ាងល្អ ពេលប៉ះអាល្លឺម៉ង់ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅមុនពេលអវត្តមានក្នុងវគ្គ៨ក្រុមចុងក្រោយ ដោយសារតែរបួស។
Jadon Sancho លេងបានយ៉ាងល្អពេល Saka អវត្តមាន ប៉ុន្តែ លោក Southgate បានប្រើប្រាស់ Saka ម្តងទៀតក្នុងជម្រើសដំបូង ហើយរូបគេគឺជាកីឡាករដែលជួយឲ្យអង់គ្លេស រកបានគ្រាប់បាល់តាមស្មើវិញ៕
ប្រភពព័ត៌មាន៖ AFP