បរទេស៖ តារាឆ្នើម Lionel Messi និង Neymar ដែល​​ជា​អតីត​មិត្ត​រួម​ក្លិបនៅ Barcelona ​នឹងត្រូវក្លាយ​គូ​ប្រកួត​គ្នា​​នៅក្នុង​ព្រឹត្តិការណ៍ Copa America វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍ (ត្រូវនឹង​ព្រឹក​ថ្ងៃ​អាទិត្យ នៅកម្ពុជា) ខណៈដែល​ពួកគេ​នឹងសម្លឹង​រក​ការ​​បញ្ចប់​សំណាង​អាក្រក់​ ដែល​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​កីឡាករ​ឆ្នើម​ៗ​ជាច្រន​ដល់​ប្រទេស​ទាំង​២​។

មិន​ខុស​អ្វី​ពីលោក Pele អតីត​តារាឆ្នើម​របស់​ប្រេស៊ីល និង​លោក Diego Maradona របស់​អា​ហ្សង់ទីន ឡើយ ខណៈ​ដែល​​ទាំង​ Messi និង Neymar សុទ្ធ​សឹង​មិនធ្លាប់​បាន​ឈ្នះពាន Copa America សោះ​។ ស្ថិតិ​​ទាំង​នេះ នឹង​ផ្លាស់ប្តូរ សម្រាប់​កីឡាករ​ម្នាក់​ក្នុង​ចំណោម​តារា​ឆ្នើម​ទាំង​២ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដ៏រំភើប​នា​កីឡដ្ឋាន Maracana ក្នុង​ទីក្រុង Rio de Janeiro​។ សម្រាប់ Messi ដែល​ជា​ម្ចាស់​ពាន​បាល់​មាស​៦​សម័យ​កាល នេះ​នឹងក្លាយ​ជា​ការ​ប្រកួត​​​ដណ្តើមពាន Copa America វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​៤​របស់​គេ ហើយ​ក៏​ប្រហែល​ជាឱកាស​ចុងក្រោយ​របស់​គេ​ផង​ដែរ ក្នុងការ​បញ្ចប់​ក្នុងនាម​​ជា​ក្រុម​ជើង​ឯក​។ រូប​​គេ​គឺ​ជាកីឡាករ​ដែល​​មាន​ទម្រង់​លេង​ល្អ​ផ្តាច់​គេ​ប្រចាំ​ក្រុមរ​បស់​ខ្លួន តាមរយៈការ​ស៊ុត​បាល់បញ្ចូល​ទី​៤​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​បាន​៥​គ្រាប់​ផ្សេង​ទៀត ខណៈ​ដែល​រូប​គេក៏​​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​​១ក្នុងនាម​​ជា​អ្នក​រក​បាន​គ្រាប់បាល់​ជាង​គេ​ប្រចាំ​យុទ្ធនាការ​ផង​ដែរ​។

ប៉ុន្តែ ស្ថិត​ក្នុង​វ័យ​៣៤​ឆ្នាំ នេះ​ប្រហែល​ជា​ការ​ប្រកួត​ Copa America ជាលើក​ចុងក្រោយ​របស់​គេ ហើយ​ព្រឹត្តិ​ការណ៍ World Cup នៅ​ឆ្នាំក្រោយ ក៏​អាចនឹងក្លាយ​ជា​យុទ្ធនា​ការ​អន្តរ​ជាតិ​​ចុងក្រោយ​របស់​គេ​ផង​ដែរ​។ ខ្សែ​ការ​ពារ​កណ្តាល​អន្តរ​ជាតិ​ប្រេស៊ីល Marquinhos បាន​ឲ្យដឹង​ថា៖ «យើង​នឹង​ព្យា​យាម​បញ្ឈប់​រូប​គេ មិន​ឲ្យ​គេ​សម្រេច​គោល​ដៅ​នេះ​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia