ខ្សែ​ប្រយុទ្ធជួរ​មុខ Ajayi Opeyemi Korede របស់​ក្រុមវិសាខា មានការជឿជាក់ថា ពួកគេ​នឹង​អាច​ដណ្តើម​បាន​៣ពិន្ទុ ពី​ក្រុមអាស៊ីអឺរ៉ុប សម្រាប់​ការ​ប្រកួត​លីគកំពូល​កម្ពុជា លើកនេះ ចំណែក​ក្រុមខ្លាំង​កំពុង​ឈរ​នៅតំបន់កំពូល​តារាង​ទាំង​៥ មាន​អង្គរ​ថាយហ្គឺរ ភ្នំពេញ​ក្រោន បឹង​កេត និង​ព្រះខ័នរាជស្វាយរៀង ក៏​មាន​ភាគ​រយ​ខ្ពស់ ក្នុងការ​ទទួលបាន​ជ័យជម្នះ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នេះ​ដូចគ្នា។

សម្រាប់ការ​ប្រកួត នៅ​សប្តាហ៍នេះ ក្រុមវិសាខា ត្រូវ​ធ្វើ​ដំណើរ​ទៅជួបក្រុម​អាស៊ីអឺរ៉ុប ដែលពួកគេ ធ្លាប់លត់ ១០-១ សម្រាប់ការ​ជួបគ្នា កាលពី​រដូវកាល ឆ្នាំ​២០២០ ហើយលើក​នេះ Ajayi នៅ​តែ​មានការ​ជឿជាក់ថា ពួកគេ នឹង​បន្ត​យក​ឈ្នះក្រុមអាស៊ីអឺរ៉ុប ជាក់ជា​មិនខាន។

ខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ា Ajayi ​បានលើក​ឡើង​ថា៖​ «បច្ចុប្បន្ន អាស៊ីអឺរ៉ុប មិនមែនជា​ក្រុម​ងាយស្រួល នៅ​លីគ​នោះ​ទេ ហើយ​ខ្ញុំ​ដឹង​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ ដើម្បី​ទទួលពួកយើង។ ដូច្នេះពួក​យើងមិន​អាច​បាត់បង់ពិន្ទុ ក្នុងការ​ប្រកួតជាមួយ​ពួកគេ​នោះ​ឡើយ ទោះបីជា​មានបញ្ហា​អ្វី​ក៏​ដោយ។ ការ​ខិតខំ​ប្រឹង​ប្រែង​របស់ពួក​យើង ក្នុង​សប្តាហ៍​នេះ   នឹង​ធ្វើ​ឱ្យ​ពួក​យើង​ទទួល​បាន​ពិន្ទុ ជាអតិបរមា ដែលយើងចង់បាន»។

ដោយឡែក​ក្រុមខ្លាំង​ចំនួន​៤​ទៀត មានក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង អង្គរថាយហ្គឺរ ក្រុមលេខ​១ ភ្នំពេញ​ក្រោន ក្រុមការពារ​តំណែង​ជើងឯក បឹងកេត ដែល​កំពុងឈរ​នៅលេខ​៥ រួមទាំងក្រុម​ព្រះខ័នរាជស្វាយរៀង ដែល​ឈរ​នៅលេខ​៧ ក៏នឹង​ត្រូវ​វប្រកួតប្រជែង​ដណ្តើមយក៣ពិន្ទុ នៅ​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នេះ​ដែរ ហើយ​ក្រុមទាំង​៤​នេះ ត្រូវបាន​គេ​មើលឃើញ​ថា សុទ្ធតែ​មាន​ភាព​រយខ្ពស់ ក្នុងការ​ទទួលបានជ័យជម្នះ​ដូចគ្នា។

ការ​វាយតម្លៃ​បែបនេះ ក៏ព្រោះតែ​ក្រុម​ខ្លាំង​ទាំង​៤ ខាង​លើ ត្រូវ​តែជួប​ក្រុមដែល​មាន​កម្រិតលេងទាបជាង​ខ្លួន ជា​ពិសេស​​ក្រុមអង្គរ​ថាយហ្គឺរ  ដែលពួកគេ នឹង​ទទួល​បានជ័យជម្នះ ដោយគ្មាន​អ្វី​ត្រូវសង្ស័យ នោះ​ឡើង ដើម្បី​ពង្រឹង​ទីតាំងកំពូលតារាង​របស់ខ្លួន ដ្បិតអី​លើក​នេះ អង្គរថាយហ្គឺរ ត្រូវជួបក្រុម​ប្រើកីឡាករ​ខ្មែរ​សុទ្ធ អគ្គិសនី​កម្ពុជា នៅលើទឹក​ដីខ្លួនឯង៕