កីឡាករលំដាប់​​ជើង​ខ្លាំង ​ឡុង​ ជិន​ ​និង វេង សុភ័ក្រ បានបង្ហាញ​ពីការ​ខ្លាច​រអាគ្នា​ទៅ​វិញ​ទៅ​មក នៅពេល​ពួកគេ ត្រូវ​ដាក់ឱ្យប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់លាន នៅ​លើសង្វៀនថោន នាថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​បេក្ខភាព​២នាក់ទៀត គឺ ធី វ៉ារិទ្ធ និង ខុន បូឡា បានមិនស្ថិត​នៅ​ក្នុងការ​ចាប់អារម្មណ៍​របស់គេ​ឡើយ។

បើ​ទោះបីជា ឡុង ​ជិន កំពុងឡើង​ជើង​ជាថ្មី ​ក្រោយ​បាន​យក​ឈ្នះ​កីឡាករ​ សុខ ​សាវិន ​ឈ្នះ​ សូត្រ​ វាសនា​ ឈ្នះ​ អេលីត ​សាន់​ និង​ឈ្នះ ​អេលីត ​ចំរើន សម្រាប់ការ​ប្រកួត​៣លើកចុងក្រោយនេះ ប៉ុន្តែ ឡុង ជិន បាន​ចាត់ទុក វេង សុភ័ក្រ ចំពោះ​រូបគេ។

ឡុង ជិន បាន​ប្រាប់ប្រព័ន្ធផ្សាយ​ថា​៖ ​«សម្រាប់ការ​ប្រកួត​ដណ្តើម​ប្រាក់លាន ​នៅ​​សប្តាហ៍​នេះ ​ឧបសគ្គ​ធំ​របស់​ខ្ញុំ ​​គឺ​ វេង សុភ័ក្រ ប៉ុន្តែ​បើ​ជួប ខុន ​បូឡា​ ឬ ​ធី ​វ៉ារិទ្ធ ​វិញ ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ ដោយ​គ្មាន​បារម្ភ​អ្វី​ឡើយ​។ ហេតុ​នេះ​បើ​ចាប់​ឆ្នោត​ប៉ះ​ ​វេង ​សុភ័ក្រ ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០ ​ភាគរយ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​​ក្រៅ​ពី​នេះ​ធានា​ឈ្នះ ​៨០ ​ភាគរយ»​។

ចំណែក​លោក ​ឡៅ​ ស៊ី​ណាត ​គ្រូ​ជំនួយ​ វេង សុភ័ក្រ ក៏បាន​ចាត់ទុក ឡុង ជិន ជាឧបសគ្គ​របស់ វេង សុភ័ក្រ ដូចគ្នា។ ស៊ីណាត បាន​និយាយ​ថា៖​«នៅ​​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទាំង ​៣​ នាក់​នេះ ​បេក្ខភាព​ដែល​លំបាក​ប្រ​កួតជាងគេ ​គឺ​ ឡុង​ ជិន​ នេះ​តែ​ម្តង ​ចំណែក​ ធី​ វ៉ារិទ្ធ​និង​ ខុន​ បូឡា​ មិន​លំបាក​ទេ ​គឺ​អាច​ឈ្នះ​ក្នុង​ទំនុក​ចិត ​៩០​ភាគរយ»​។

យ៉ាងណា​ក៏​ដោយ អតីត​កីឡាករ​ជើង​ខ្លាំង ​និង​ធ្លាប់មានឈ្មោះ​ល្បី ឡៅ​ ស៊ី​ណាត​ នៅតែ​មានការ​ជឿជាក់ថា វេង សុភ័ក្រ អាច​នឹង​ឈាន​ទៅ​រក​ការ​ឈ្នះ​ប្រាក់លាន ចំនួន ៣,៤ លានរៀល ជាថ្មី​ម្តង។ «តាម​ខ្ញុំ​គិត​មើល​ វេង​ សុភ័ក្រ​ នឹង​ឈ្នះ​ប្រាក់​រង្វាន់​នេះម្តង​​ទៀត​មិន​ខាន ព្រោះ​​វា​ហាត់​បាន​ល្អ ​ហើយ​​ចិត្ត​ប្រកួត​​របស់​វា ​វ៉ៃ​មិន​ងាយ​ដក​ថយ​ទេ»​។​​

ចំពោះ លោក ​ធី ​ណា​រីទ្ធ ​គ្រូ​បង្វឹក​ ធី​ វ៉ារិទ្ធ​ បាន​ទទួលស្គាល់ថា ឡុង ជិន និង វេង សុភ័ក្រ ពិតជា​មានសមត្ថភាព​លើសិស្ស​របស់ខ្លួន។ លោក​និយាយ​ថា៖​«ខ្ញុំ​មាន​សង្ឃឹម​ ៧០ ​ភាគ​រយ ​ប៉ុន្តែ​ ​ឡុង ​ជិន​ និង ​វេង ​សុភ័ក្រ ​ពិត​ជា​មាន​សមត្ថភាព​ខ្លាំង ព្រោះ​សុទ្ធតែ​ជា​រៀម​ច្បង មាន​​បទ​ពិសោធច្រើន​ជាង ​លំបាក​យក​ឈ្នះ​ ហេតុនេះ ​ការ​ប្រ​កួត​ពិត​ជា​តឹង​តែង​ណាស់​»៕