បរទេស៖ អង់គ្លេស នឹងសម្លឹងរកការឈ្នះពានធំមួយជាលើកដំបូងក្នុងរយៈពេល៥៥ឆ្នាំ នៅពេលដែលពួកគេប៉ះក្រុមខ្លាំង អ៊ីតាលី ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ វគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley នៅរាត្រីថ្ងៃអាទិត្យនេះ (ម៉ោង២ទៀបភ្លឺ ម៉ោងនៅកម្ពុជា)។
ក្រុមជម្រើសជាតិអង់គ្លេស ក៏មិនស្គាល់ចាញ់សោះផងដែរពីការប្រកួតទាំង6លើករបស់ខ្លួនមកទល់ពេលនេះ ដោយពួកគេបានចាប់ផ្តើមការប្រកួតពូល D របស់ខ្លួន តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិក្រូអាស៊ី នៅថ្ងៃបើកឆាក ប៉ុន្តែ ត្រឹមតែអាចទទួលលទ្ធផលស្មើ 0-0 ជាមួយនឹងក្រុមជម្រើសជាតិស្កុតឡេន មុននឹងផ្តួលសាធារណរដ្ឋឆែក 1-0 នៅថ្ងៃចុងក្រោយ ដើម្បីបញ្ចប់ដោយការឈរលេខ1ក្នុងពូល មាន 7ពិន្ទុ។
អង់គ្លេស បានបន្តយកឈ្នះគូសត្រូវចាស់អាល្លឺម៉ង់ ក្នុងលទ្ធផល 2-0 ក្នុងវគ្គ16ក្រុមចុងក្រោយ មុននឹងលត់ក្រុមអ៊ុយក្រែន យ៉ាងចាស់ដៃក្នុងលទ្ធផល 4-0 ក្នុងវគ្គ8ក្រុមចុងក្រោយ។ ប៉ុន្តែ ពួកគេបានជួបភាពស្វិតស្វាញពេលប៉ះក្រុមដាណឺម៉ាក ដោយបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅត្រឹម90នាទី មុននឹងយកឈ្នះ 2-1 ក្នុងនាទីបន្ថែម15នាទី2ដង ខណៈដែលនេះ ក៏ជាការប្រកួតក្នុងនាទីបន្ថែម15នាទី2ដងជាលើកដំបូងរបស់ពួកគេផងដែរ។
សរុបមក ក្នុងចំណោម6ប្រកួតក្នុង Euro ឆ្នាំ2020 អង់គ្លេស ឈ្នះ4លើក និងស្មើ2លើក ក្នុងនោះពួកគេបានរបូតគ្រាប់បាល់តែ1ប្រកួតគត់ និងបានបង្កើតឲ្យមានគ្រាប់បាល់សរុបត្រឹម2គ្រាប់ ឬតិចជាងនេះ ចំនួន5លើក។
ដោយឡែក ក្រុមជម្រើសជាតិអ៊ីតាលី មិនស្គាល់ចាញ់សោះក្នុងយុទ្ធនាការ Euro ឆ្នាំ2020 មកទល់ពេលនេះ ខណៈដែលពួកគេបានចាប់ផ្តើមការប្រកួតវគ្គចែកពូល A របស់ខ្លួន តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិតួកគី 3-0 នៅថ្ងៃបើកឆាក មុននឹងបន្តផ្តួលស្វ៊ីស ក្នុងលទ្ធផល ដូចគ្នានេះ។ អ៊ីតាលី បានផ្តួលក្រុមជម្រើសជាតិវេលស៍ 1-0 ក្នុងថ្ងៃប្រកួតចុងក្រោយក្នុងពូល ដើម្បីបញ្ចប់ដោយការឈរលេខ1 មាន9ពិន្ទុ។
ក្នុងវគ្គ16ក្រុមចុងក្រោយ អ៊ីតាលី បានប៉ះជាមួយនឹងក្រុមជម្រើសជាតិអូទ្រីស និងបានយកឈ្នះនៅនាទីបន្ថែម 2-1 ក្រោយពីទទួលបានលទ្ធផលត្រឹមស្មើ 0-0 នៅម៉ោងធម្មតា ហើយពួកគេបានបន្តទៅយកឈ្នះលើក្រុមខ្លាំងបែលហ្ស៊ិក 2-1 ក្នុងវគ្គ8ក្រុម ប៉ុន្តែ បានជួបភាពស្វិតស្វាញជាមួយនឹងអេស្ប៉ាញ មុននឹងទម្លាក់ជើងខ្លាំងមួយនេះ ដោយការស៊ុតបាល់ប៉េណាល់ ក្រោយពីទទួលបានលទ្ធផលស្មើ 1-1 បន្ទាប់ពីនាទីបន្ថែម2ដង។
សរុប6ប្រកួតមកទល់ពេលនេះ អ៊ីតាលី ឈ្នះ4លើក និងស្មើ2លើក ក្នុងនោះរបូតគ្រាប់បាល់2ប្រកួត និងបង្កើតឲ្យមានគ្រាប់បាល់សរុបចាប់ពី3គ្រាប់ឡើងទៅចំនួន3លើក។
ជំនួបរវាងក្រុមទាំង២
អ៊ីតាលី និងអង់គ្លេស ឈ្នះ1លើក និងស្មើ3លើកដូចគ្នាពីការជួបគ្នា5លើកចុងក្រោយរបស់ពួកគេ ហើយការជួបគ្នាជាលើកចុងក្រោយរវាងក្រុមទាំង2បានកើតឡើងក្នុងឆ្នាំ2018 ដោយក្រុមទាំង2បានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក្នុងការប្រកួតមិត្តភាព។ អង់គ្លេស បានផ្តួលអ៊ីតាលី ជាលើកចុងក្រោយក្នងុលទ្ធផល 2-1 ពេលក្រុមទាំង២បានជួបគ្នាក្នុងការប្រកួតមិត្តភាព ខណៈដែលអ៊ីតាលីបានផ្តួលអង់គ្លេសជាលើកចុងក្រោយ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2014 ក្នុងលទ្ធផល 2-1 ដូចគ្នា។
ការព្យាករគ្រាប់បាល់
ស្របពេលដែលអង់គ្លេស ខ្លាំងជាពិសេសពេលប្រកួតលើទឹកដីខ្លួនឯង និងមានកម្រិតលេងរឹងមាំជាងទាំងក្នុងតំបន់ការពារ និងប្រយុទ្ធ ហើយខណៈដែលអ៊ីតាលី ហាក់បានបង្ហាញពីភាពទន់ខ្សោយក្នុងតំបន់ការពារ ក៏ដូចជាបង្ហាញពីភាពធ្លាក់ចុះកម្លាំង ជាការរំពឹងទុក ការដាក់ការជឿជាក់លើអង់គ្លេស គួរតែជាជម្រើសល្អ ស្របពេលដែលការភ្នាល់លើគ្រាប់បាល់តិច ក៏ជាជម្រើសល្អផងដែរ។
ហេតុនេះ ជាការរំពឹងទុក អង់គ្លេស ទទួលជ័យជម្នះក្នុងលទ្ធផល ១-០ ដើម្បីឈ្នះជាលើកទី១ក្នុងរយៈពេល៥៥ឆ្នាំ៕
ការព្យាករជម្រើសទាំង១១នាក់ដំបូងរបស់ក្រុមទាំង២
ជម្រើសទាំង១១នាក់ដំបូងរបស់អង់គ្លេស (រូបមន្ត 4-3-3)៖ Pickford; Walker, Stones, Maguire, Shaw; Phillips, Rice, Mount; Saka, Kane, Sterling
ជម្រើសទាំង១១នាក់ដំបូងរបស់អ៊ីតាលី (រូបមន្ត 4-3-3)៖ Donnarumma; Di Lorenzo, Bonucci, Chiellini, Emerson; Barella, Jorginho, Verratti; Chiesa, Immobile, Insigne